(បរទេស)៖ ការសិក្សាថ្មីមួយបានបង្ហាញថា «តំបន់ទឹកកកចុងក្រោយ» នៅមហាសមុទ្រទឹកកកអាក់ទិច នៃប៉ូលខាងជើងរបស់ផែនដី ប្រហែលជាកំពុងរងហានិភ័យ «ខ្លាំងជាងការស្មានកន្លងមក» ដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុ។ នេះបើតាមការដកស្រង់ចេញពី សារព័ត៌មាន Space នារសៀលថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១។

តំបន់ខាងលើដែលស្ថិតនៅភាគខាងជើងកោះគ្រីនលែន (Greenland) និងប្រទេសកាណាដា ទទួលបានរហស្សនាមបែបនេះព្រោះ បើទោះបីជាបរិមាណទឹកកកនៅទីនោះ មានការប្រែប្រួលទៅតាមរដូវកាលក៏ដោយ ក៏អ្នកវិទ្យាសាស្រ្តធ្លាប់យល់ថា កំលុងរដូវក្តៅពួកវានៅតែអាចរក្សា វត្តមានច្រើនគ្រប់គ្រាន់ ព្រោះវាមានកម្រាស់ក្រាស់ៗ មិនងាយរលាយបាត់ដូចកន្លែងផ្សេងទៀត នៃមហាសមុទ្រទឹកកកអាក់ទិចឡើយ។

យ៉ាងណាមិញ កំលុងរដូវក្តៅកាលពីឆ្នាំ២០២០ ផ្នែកមួយនៅភាគខាងកើតនៃតំបន់នោះ ដែលត្រូវបានសិក្សាដោយក្រុមអ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យរដ្ឋវ៉ាស៉ីនតោនរបស់សហរដ្ឋអាមេរិក ត្រូវគេសង្កេតឃើញថា បានបាត់បង់បរិមាណទឹកកកប្រហែល ៥០ភាគរយ។ មូលហេតុគឺ ព្រោះតែបញ្ហាបម្រែប្រួលអាកាសធាតុ ដោយវាបាននិងកំពុងធ្វើឲ្យទឹកកក នៅទីនោះកាន់តែស្តើងទៅៗពីមួយឆ្នាំទៅមួយឆ្នាំ។

ស្របពេលដែលការកើនឡើងកម្តៅផែនដី បាននិងកំពុងរំលាយទឹកកក ក្នុងកម្រិតគួរឲ្យបារម្ភខ្លាំង នៅតំបន់ដទៃទៀតនៃមហាសមុទ្រអាក់ទិច ការរកឃើញខាងលើអាចជាបញ្ហាធំបន្ថែមទៀត សម្រាប់ពពួកសត្វនានា ដែលរស់នៅដោយពឹងអាស្រ័យលើផ្ទាំងទឹកកកនៅទីនោះ ដ្បិតតំបន់ទឹកកកចុងក្រោយ ត្រូវបានចាត់ទុកជា កន្លែងជ្រកកោនយ៉ាងសំខាន់របស់ពួកវា ក្នុងពេលដែលតំបន់ដទៃទៀតនៅអាក់ទិច លែងមានទឹកកកទាំងស្រុងទៅហើយ។

គួរបញ្ជាក់ថា តំបន់ទឹកកកចុងក្រោយ លាតសន្ធឹងទំហំជាង ២,០០០គីឡូម៉ែត្រ ចាប់ពីភាគខាងជើងកោះគ្រីនលែន រហូតដល់ផ្នែកខ្លះនៃតំបន់ទីប្រជុំកោះ របស់ប្រទេសកាណាដា ដែលជាប់នឹងមហាសមុទ្រអាក់ទិច។ នៅតំបន់នេះ ទឹកកកដែលកើតចេញពីទឹកសមុទ្រ ជាទូទៅមានអាយុកាលយ៉ាងហោច ៥ឆ្នាំ ពោលគឺក្រាស់ៗណាស់ជាមួយកម្រាស់ប្រហែល ៤ម៉ែត្រឯណោះ៕