(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥,៤២០ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។

មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៥,៣៨៣ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ៣៧ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។

មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់បន្ថែមថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៥៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៣,៥៨៦នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៩៤,៦៥៣ករណី ក្នុងនោះមានអ្នកស្លាប់ ២,៣៣៣នាក់ និងអ្នកជាសះស្បើយ ២២៧,០២៣នាក់៕