(តែល អាវីវ)៖ មនុស្សទាំងអស់ ៦នាក់ ក្នុងនោះរួមមានទាំងពីឡុតបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះឯកជនមួយគ្រឿងនៅឯ ភាគនិរតីរដ្ឋធានី Port-au-Prince នៃប្រទេសហៃទី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Jerusalem Post នៅថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១។

បើតាម Jerusalem Post យន្ដហោះឯកជនខ្នាតតូចខាងលើបានធ្លាក់កាលពីល្ងាចថ្ងៃសុក្រកន្លងទៅ (ម៉ោងក្នុងតំបន់) ហើយយន្ដហោះនេះមាន គោលដៅហោះហើរពីរដ្ឋធានី Port-au-Prince ឆ្ពោះទៅកាន់ទីក្រុងឆ្នេរ Jacmel។ ប៉ុន្តែ មិនទាន់មានការបញ្ជាក់ពីមូលហេតុដែលបណ្ដាលឱ្យ យន្ដហោះនេះធ្លាក់នោះទេ។

ចំណែកឯ តំណាងរដ្ឋាភិបាលហៃទីម្នាក់ និងស្ថានទូតអាមេរិកមិនបានឆ្លើយតបអ្វីទៅនឹងសំណួរអ្នកសារព័ត៌មានឡើយ ខណៈអង្គការ Gospel to Haiti មានមូលដ្ឋាននៅសហរដ្ឋអាមេរិកបង្ហោះសារមួយលើ Facebook page ដោយបញ្ជាក់ថាសមាជិកអ្នកផ្សព្វផ្សាយសាសនា ២នាក់របស់ខ្លួន ស្ថិតនៅក្នុងចំណោមអ្នកដែលបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះខាងលើ៕