(តូក្យូ)៖ អាជ្ញាធរជប៉ុននៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា គ្រោះបំណាក់ដីខ្លាំងក្លាមួយ បានវាយប្រហារលើលំនៅឋាន ក្នុងតំបន់ភាគនិរតីពីទីក្រុងតូក្យូ ហើយជាលទ្ធផលមនុស្សយ៉ាងហោច១៩នាក់ បានបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១។

ក្រុមមន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយ នៅខេត្ត ស្ស៉ីហ៊្សូកា (Shizuoka) ភាគកណ្តាលប្រទេសជប៉ុន បាននិយាយថា គ្រោះរអិលបាក់ដីខាងលើ បានកើតឡើងនាវេលាព្រឹកថ្ងៃសៅរ៍នេះ នៅក្រុងមួយកន្លែងឈ្មោះថា អាតាមី (Atami)។ ឥឡូវនេះ ក្រុមអ្នកជួយសង្រ្គោះ កំពុងខ្នះខ្នែងស្វែងរក មនុស្សយ៉ាងតិច១៩នាក់ ដែលបានបាត់ខ្លួនក្នុងហេតុការណ៍នោះ។ រូបភាពនិងវីដេអូពីប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានបង្ហាញឲ្យឃើញគ្រោះបំណាក់ដីនោះ រអិលហូរបាក់ចុះពីជម្រាលភ្នំ ហើយសង្រ្គប់កាត់លំនៅឋានជាច្រើនខ្នង ដែលនៅលើផ្លូវរបស់វា។

គួរបញ្ជាក់ថា តាំងពីដើមសប្តាហ៍នេះ ប្រទេសជប៉ុនបានរងការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា ជាពិសេសនៅតំបន់ភាគកណ្តាល រួមមានទាំងទីក្រុងតូក្យូ ដែលមានទឹកទន្លេកើនឡើងគួរឲ្យបារម្ភ និងប្រឈមហានិភ័យខ្ពស់នៃគ្រោះរអិលបាក់ដី៕