(អូតាវ៉ា)៖ មនុស្សប្រហែល១,០០០នាក់ ត្រូវបានជម្លៀសខ្លួននៅភាគខាងលិចប្រទេសកាណាដា ស្របពេលដែលភ្លើងព្រៃជាច្រើនកន្លែង បានលេចឡើង ក្រោមរលកកម្តៅដ៏អាក្រក់ នៅតំបន់អាមេរិកខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១។

ភ្លើងឆេះព្រៃសរុបដល់ទៅ៦២កន្លែង បានកើតឡើងនៅខេត្ត British Columbia របស់កាណាដា ក្នុងរយៈពេលត្រឹម២៤ម៉ោងចុងក្រោយ។ ក្រុងយ៉ាងហោចមួយកន្លែង ក្នុងខេត្តនោះឈ្មោះ Lytton បានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារភ្លើងឆេះព្រៃ។ នៅក្បែរទីក្រុងឈ្មោះថា Kamloops ដែលនៅចម្ងាយ១៥០គីឡូម៉ែត្រពីក្រុង Lytton ក៏ឃើញមានចង្កោមភ្លើងឆេះព្រៃមួយចំនួនផងដែរ។

អាជ្ញាធរខេត្ត British Columbia មិនទាន់បានប្រកាសឲ្យដឹងថា មានមនុស្សបាត់បង់ជីវិតឬងរបួស ដោយសារភ្លើងឆេះព្រៃទាំងអស់នេះនៅឡើយទេ ដោយត្រឹមប្រាប់ថា មនុស្សប្រហែល១,០០០នាក់ ត្រូវបានជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព។

គួរបញ្ជាក់ថា ក្រៅពីរដ្ឋ British Columbia របស់កាណាដា តំបន់ភាគខាងលិចរបស់សហរដ្ឋអាមេរិក ដូចជារដ្ឋ Washington, Oregon និង California ក៏បាននិងកំពុងរងការវាយលុកពីរលកកម្តៅដែរ ដែលនាំឲ្យសីតុណ្ហភាពកើនឡើងខ្ពស់មិនធ្លាប់មាន ហើយមនុស្សរាប់រយនាក់ ត្រូវគេរាយការណ៍ថាបានបាត់បង់ជីវិត ដោយសារលក្ខខណ្ឌអាកាសធាតុអាក្រក់បែបនេះ៕