(តូក្យូ)៖ អស់រយៈពេលរាប់ទសវត្សរមកហើយ ជប៉ុនត្រូវបានគេចាត់ទុកថាជាប្រទេសសន្តិភាពនិយមមួយ ដែលពឹងផ្អែកលើសហរដ្ឋអាមេរិកទាំងស្រុង ក្នុងកិច្ចការការពារ សន្តិសុខជាតិរបស់ខ្លួន រហូតដល់ថ្នាក់អ្នកជំនាញខ្លះហៅប្រទេសអាស៊ីខាងកើតមួយនេះថាជា «យក្សសេដ្ឋកិច្ច តែកន្ដឿផ្នែកយោធា»។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេត ឃើញថារដ្ឋាភិបាលជប៉ុន ជាពិសេសក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូហាក់ដូចជាបានងាកចេញពីរដ្ឋធម្មនុញ្ញសន្តិនិយមបន្តិចម្ដងៗតាមរយៈ ការបង្កើនកញ្ចប់ថវិកាយោធា និងការធ្វើយោធូបនីយកម្ម។

រដ្ឋាភិបាលរបស់លោក អាបេ កាលពីឆ្នាំ២០១៨ បានសម្រេចចិត្តអភិវឌ្ឍនាវាពិឃាតប្រភេទ Izumo ២គ្រឿងទៅជានាវាផ្ទុកយន្ដហោះច្បាំងខ្នាតតូច និងបានបញ្ជាទិញ យន្ដហោះចម្បាំងបំបាំងកាយ F-35B ៤២គ្រឿងពីសហរដ្ឋអាមេរិក។ ជប៉ុនក៏កំពុងអភិវឌ្ឍមីស៊ីលស៊េរីថ្មីដែលមានសមត្ថភាពបាញ់ក្នុងចម្ងាយ ១,០០០គីឡូម៉ែត្រ ហើយ ការធ្វើវិសោធនកម្មច្បាប់មួយចំនួនកាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥ ក៏បានបើកដៃឱ្យកងកម្លាំងស្វ័យការពារជប៉ុនអាចវាយប្រយុទ្ធនៅក្នុងករណីមានការវាយប្រហារលើ កងទ័ពសម្ព័ន្ធមិត្ត និងលើជប៉ុនផ្ទាល់ផងដែរ។

ជប៉ុន បច្ចុប្បន្នមានកញ្ចប់ថវិកាយោធាដល់ទៅ ៥២ពាន់លានដុល្លារដែលនេះអាចប្រៀបធៀបទៅនឹងកញ្ចប់ថវិកាយោធានៃប្រទេសអឺរ៉ុបមួយចំនួនដូចជា បារាំង, អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។ បើតាមវិទ្យាស្ថាន SIPRI (Stockholm International Peace Research Institute) កាលពីឆ្នាំ២០២០ ជប៉ុនឈរនៅលេខទី៩ ក្នុងនាមជាប្រទេស មានកញ្ចប់ថវិកាយោធាធំជាងគេនៅក្នុងពិភពលោក។

ការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សបែបនេះ គឺដោយសារតែការថយចុះនៃអំណាចយោធាអាមេរិកនៅក្នុងតំបន់ ចំពោះមុខការកើនឡើងឥទិ្ធពលចិន និងការគំរាមកំហែងពីកូរ៉េខាងជើង។ បើតាមក្រុមអ្នកជំនាញផ្នែកយោធា ការធ្វើយោធូបនីយកម្មតែមួយមុខមិនទាន់គ្រប់គ្រាន់ទេ ពោលគឺជប៉ុនក៏ត្រូវតែមានអាវុធនុយក្លេអ៊ែរដែរ។ និយាយដល់អាវុធនុយក្លេអ៊ែរ វាជារឿងស្មុគស្មាញបំផុត ពីព្រោះគ្រប់គ្នាសុទ្ធតែដឹងថាប្រជាជនជប៉ុនស្អប់សឹងតែមិនចង់លឺពីអាវុធប្រល័យលោក ដែលខ្លួនបានភ្លក្សរសជាតិនៅក្នុងសង្រ្គាមលោកលើកទី២ នោះទេ។

ប៉ុន្តែ ប្រឈមមុខនឹងការកើនឡើងឥទ្ធិពល និងសកម្មភាពយោធាចិន រួមទាំងការបន្តអភិវឌ្ឍមីស៊ីល និងកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង តើជប៉ុននៅតែប្រកែកមិនចង់បាន អាវុធនុយក្លេអ៊ែរតទៅទៀតមែនទេ? រីឯសហរដ្ឋអាមេរិកអាចនឹងយល់ព្រមឱ្យជប៉ុនមានអាវុធនុយក្លេអ៊ែរដែរឬទេ?

*ឆត្រនុយក្លេអ៊ែរ

ដើម្បីជំរុញឱ្យបណ្ដាប្រទេសជាមិត្ត ឬសម្ព័ន្ធមិត្ត កុំផលិត ឬចង់បានអាវុធនុយក្លេអ៊ែរ សហរដ្ឋអាមេរិកបានសន្យាថានឹងការពារពួកគេជាមួយអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលជាទូទៅគេហៅថា «ឆត្រនុយក្លេអ៊ែរ»។ ប្រទេសដែលស្ថិតនៅក្រោមឆត្រនុយក្លេអ៊ែរអាមេរិក ក្នុងនោះរួមមានបណ្ដាប្រទេសជាសមាជិកអង្គការ NATO , ជប៉ុន, កូរ៉េខាងត្បូង និងអូស្ត្រាលី ជាដើម។

ឆត្រនុយក្លេអ៊ែរជាយុទ្ធសាស្ត្រមួយដែលសហរដ្ឋអាមេរិកប្រើប្រាស់ដើម្បីពង្រីកឥទ្ធិពលយោធារបស់ខ្លួននៅជុំវិញពិភពលោក តាមរយៈការដាក់មូលដ្ឋានទ័ពនៅលើទឹកដីប្រទេស ជាច្រើនដូចជាជប៉ុន ឬកូរ៉េខាងត្បូង។ ដូច្នេះហើយទើប គេមិនរំពឹងឡើយថាសហរដ្ឋអាមេរិកនឹងបើកដៃឱ្យជប៉ុនផលិតអាវុធនុយក្លេអ៊ែរ ពីព្រោះថាបើជប៉ុនមានអាវុធនុយក្លេអ៊ែរ សួរថាតើជប៉ុនចាំបាច់ត្រូវការឆត្រនុយក្លេអ៊ែរអាមេរិក ឬចង់ឱ្យកងទ័ពអាមេរិកបន្តឈរជើងនៅលើទឹកដីរបស់ខ្លួនទៀតដែរឬទេ? សហរដ្ឋអាមេរិកដាក់មូលដ្ឋានទ័ពនៅជប៉ុន ឬកូរ៉េខាងត្បូង មិនមែនគ្រាន់តែដើម្បីការពារពួកគេពីកូរ៉េខាងជើងប៉ុណ្ណោះទេ តែវាក៏បម្រើផងដែរដល់ប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិកក្នុងការរក្សាឥទ្ធិពល ជាមហាអំណាចយោធា ក៏ដូចជាតាមដានសកម្មភាពយោធាចិន និងរុស្ស៊ីនៅក្នុងតំបន់។

មួយវិញទៀត ការអនុញ្ញាតឱ្យជប៉ុនមានអាវុធនុយក្លេអ៊ែរ វាអាចនឹងជំរុញលើកទឹកចិត្តឱ្យបណ្ដាប្រទេសជាសម្ពន្ធមិត្តអាមេរិកដទៃទៀត ដូចជាកូរ៉េខាងត្បូង អូស្តា្រលី ឬក៏អារ៉ាប៊ីសាអូឌីតជាដើម ចង់បានអាវុធនុយក្លេអ៊ែរដែរ ហើយបើមហាអំណាចនុយក្លេអ៊ែរថ្មីៗ ចេះតែលេចមុខឡើងជាបន្តបន្ទាប់ ថាតើភាពជាមហាអំណាចផុតលេខរបស់អាមេរិកនៅមានន័យអ្វីទៀត? រីឯទឹកមាត់ប្រៃរបស់អាមេរិកក៏ប្រហែលជាត្រូវសាបរលាបដែរ។

*តើជប៉ុនពិតជាមិនចង់បានអាវុធនុយក្លេអ៊ែរមែនឬ?

កាលពីឆ្នាំ២០១៤ ជប៉ុនត្រូវបានគេរាយការណ៍ថាមានសារធាតុផ្លូយតូញ៉ូម ៩តោន និង៣៥តោនទៀតស្ដុកទុកនៅក្នុងប្រទេសបារាំង និងចក្រភពអង់គ្លេស ហើយមិនតែប៉ុណ្ណោះ ជប៉ុនក៏មានសារធាតុអ៊ុយរ៉ាញូម ១.២តោនផងដែរ។ សារធាតុទាំងនេះគឺគ្រប់គ្រាន់អាចឱ្យជប៉ុនផលិតគ្រាប់បែកនុយក្លេអ៊ែរបានជាង ៥,០០០គ្រាប់ ហើយគេជឿជាក់ថាបើសិនជា ជប៉ុនចង់ផលិតអាវុធនុយក្លេអ៊ែរពិតមែន នោះវា មិនមែនជារឿងលំបាកសម្រាប់ជប៉ុននោះទេ ដ្បិតទាំងអ្នកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងធនធាន ជប៉ុនមានមិនខ្វះ។

ក៏ប៉ុន្តែឧបសគ្គធំដែលរារាំងជប៉ុនក្នុងការផលិតអាវុធនុយក្លេអ៊ែរ នោះគឺការជំទាស់ពីប្រជាជនជប៉ុន។ គោលការណ៍គ្មានអាវុធនុយក្លេអ៊ែរជាអត្តសញ្ញាណជាតិរបស់ជប៉ុន និងមាន ជាប់ពាក់ព័ន្ធយ៉ាងជ្រៅនឹងនយោបាយនៅក្នុងស្រុកផងដែរ។ បើតាមការស្ទង់មតិ ប្រជាជនជប៉ុនភាគច្រើនលើសលុបមិនគាំទ្រឱ្យជប៉ុនមានអាវុធនុយក្លេអ៊ែរជាដាច់ខាត បើទោះជា មានការគំរាមកំហែងពីកូរ៉េខាងជើង ឬការកើនឡើងសកម្មភាពយោធាចិននៅក្នុងតំបន់ក៏ដោយ។

គំនិតស្អប់អាវុធនុយក្លេអ៊ែរបានដក់ជាប់នៅក្នុងក្រអៅបេះដូងប្រជាជនជប៉ុនចាប់តាំងពីសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរពីរគ្រាប់លើទីក្រុង Hiroshima និងទីក្រុង Nagasaki នៅសម័យសង្រ្គាមលោកលើកទី២មកម្លេះ ហើយបូករួមទាំងគ្រោះមហន្តរាយនៅឯរោចក្រនុយក្លេអ៊ែរ Fukushima កាលពីឆ្នាំ២០១១ វាកាន់តែធ្វើឱ្យប្រជាជនជប៉ុន យល់ថាប្រទេសរបស់ខ្លួនកាន់តែមិនគួរមានអាវុធនុយក្លេអ៊ែរ។

ប្រជាជនជប៉ុនត្រូវបានគេមើលឃើញថាពេញចិត្តស្ថិតនៅក្រោមការពារពីឆត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។ ពិតមែនទៅ ឆត្រធម្មតាមិនអាចបាំងកម្ដៅថ្ងៃ ឬទឹកភ្លៀងបាន ទាំងស្រុងនោះទេ។ រីឯឆត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកក៏ដូចគ្នាដែរ គឺមិនអាចបំបាត់ភាពភ័យខា្លចទាំងស្រុងរបស់សម្ពន្ធមិត្តឡើយ។ ក្នុងន័យនេះថ្នាក់ដឹកនាំជប៉ុនមិនប្រាកដ នៅក្នុងចិត្ត១០០ភាគរយថាសហរដ្ឋអាមេរិកអាចការពារជប៉ុនបានគ្រប់ពេលនោះឡើយ។

បច្ចុប្បន្ន ជប៉ុនមានជម្លោះដែនទឹកជាមួយរុស្ស៊ីនៅឯទីប្រជុំកោះ Kuril, ជាមួយចិននៅសមុទ្រចិនខាងកើត ព្រមទាំងមានជម្លោះពីអតីតកាលជាមួយកូរ៉េខាងជើង ហើយដែលជម្លោះ ទាំងនេះអាចនឹងធ្វើឱ្យជប៉ុនត្រូវប្រឈមមុខនឹងហានិភ័យផ្ទុះសង្រ្គាមគ្រប់ពេលវេលា។ បើតាមអ្នកជំនាញសន្តិសុខអន្តរជាតិដូចជាលោក Anders Corr ជប៉ុនចាំបាច់ត្រូវតែមាន អាវុធនុយក្លេអ៊ែរដោយសារតែត្រូវបានព័ទ្ធជុំវិញដោយប្រទេសរុស្ស៊ី ចិន និងកូរ៉េខាងជើង ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ។

លោក Anders Corr បន្ថែមថាមានសម្ពន្ធមិត្តរឹងមាំដូចជាជប៉ុន អាចនឹងជួយសហរដ្ឋអាមេរិកក្នុងការត្រួតពិនិត្យការពង្រីកឥទ្ធិពលរបស់ចិន ឬរុស្ស៊ីនៅក្នុងតំបន់ ហើយបើមាន សង្រ្គាមផ្ទុះឡើងមែន ជប៉ុនអាចការពារខ្លួនឯងបានផង និងអាចជួយសហរដ្ឋអាមេរិកយ៉ាងពេញទីផងដែរ។ ពោលគឺមិនចាំបាច់ឱ្យអាមេរិកត្រូវជាប់ដៃការពារជប៉ុននិងប្រយុទ្ធផង ក្នុងពេលតែមួយនោះទេ៕

ប្រភព៖ Diplomat, National Interest (ថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១)