(បាងកក)៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា (Prayuth chan-o-cha) និងអ្នកអមដំណើររបស់លោក បានទៅដល់ស្រុកថាឡាង (Thalang) ខេត្តភូកេត (Phuket) នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីទទួលស្វាគមន៍ការបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិ ឡើងវិញរបស់ខេត្តនេះ បន្ទាប់ពីការផ្អាកអស់រយៈពេលជាងមួយឆ្នាំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។

លោក Prayuth chan-o-cha បានថ្លែងក្នុងឱកាសនោះថា «ខ្ញុំដឹងថាការបើកខេត្តភូកេតឡើងវិញ គឺជារឿងប្រថុយប្រថានណាស់ ប៉ុន្តែវាជារឿងដែលយើងត្រូវប្រថុយ ដើម្បីជាប្រយោជន៍ដល់ប្រទេសរបស់យើង។ អ្វីដែលសំខាន់បំផុតនោះ គឺយើងត្រូវតាមដានស្ថានការណ៍ឱ្យបានដិតដល់ និងត្រូវចាត់វិធានការភ្លាមៗ ក្នុងករណីដែលមានស្ថានភាពមិនល្អកើតឡើង»

លោក Prayuth chan-o-cha បានសង្កត់ធ្ងន់បន្ថែមថា «យើងត្រូវធានាថាផែនការរបស់យើង នឹងដំណើរការយ៉ាងរលូន ថែមទាំងរួមចំណែកដល់គោលដៅនៃការបើកឡើងវិញនូវប្រទេសថៃ ឱ្យបានពេញលេញក្នុងរយៈពេល ១២០ថ្ងៃផងដែរ។ ប្រសិនបើវាទទួលបានជោគជ័យ ផែនការនេះនឹងត្រូវបានធ្វើឡើង នៅក្នុងចំណោមបណ្ដាខេត្តផ្សេងៗទៀត ដើម្បីរៀបចំយុទ្ធនាការបើកទ្វារខេត្តទាំងនោះឡើងវិញ»

គួរបញ្ជាក់ថា ខេត្តភូកេតនៅថ្ងៃព្រហស្បតិ៍នេះ បានបើកទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ ជាលើកដំបូង គិតចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺ COVID-19 កាលពីដើមឆ្នាំ២០២០ កន្លងទៅនេះ។ ភ្ញៀវទេសចរត្រូវបានអនុញ្ញាត ឱ្យធ្វើដំណើរមកកាន់ខេត្តភូកេត ប្រសិនបើពួកគេអាចបង្ហាញថា ពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់ និងបានធ្វើតេស្តអវិជ្ជមានចំពោះជំងឺនេះ។ ពួកគេអាចធ្វើដំណើរដោយសេរីនៅទីនោះ ដោយមិនចាំបាច់តម្រូវឱ្យធ្វើចត្តាឡីស័កឡើយ។ បន្ទាប់ពីស្នាក់នៅខេត្តភូកេតអស់រយៈពេល ១៤ថ្ងៃ ភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់ បណ្ដាខេត្តផ្សេងៗទៀតនៃប្រទេសថៃ ប្រសិនបើពួកគេធ្វើតេស្តអវិជ្ជមាន ចំពោះជំងឺនេះជាលើកទីពីរ៕