(សេអ៊ូល)៖ ប្រមុខដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា លោកនឹងជំរុញឲ្យមានការពង្រឹង ទំនាក់ទំនាក់ថែមទៀតរវាងប្រទេសលោក ហើយនិងប្រទេសចិន ដែលជាខ្នងបង្អែកធំបំផុតរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១។

លោក គីម ជុងអ៊ុន បានលើកឡើងដូចខាងលើ ក្នុងសារមួយផ្ញើទៅកាន់ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ដើម្បីចូលរួមអបអរសាទរឱកាសខួប១០០ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនិស្តចិន។ ដំណឹងនៃការផ្ញើសារអបអរនេះ ត្រូវបានធ្វើឡើងដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។

បើតាម KCNA លោក គីម បាននិយាយដូច្នេះថា «បក្សកាន់អំណាចកូរ៉េខាងជើង តាមរយៈសាមគ្គីភាពដ៏រឹងមាំជាមួយគណបក្សកុម្មុយនិស្តចិន នឹងលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឲ្យដល់ចំណុចយុទ្ធសាស្រ្តថ្មីមួយកម្រិតទៀត ទៅតាមសម័យកាលថ្មី និងការប៉ងប្រាថ្នារបស់ប្រជាជន នៃប្រទេសទាំងសងខាង»

គួរបញ្ជាក់ថា ជាចុងក្រោយ លោក គីម ក៏បានធ្វើការលើកឡើងហាក់ចង់សំដៅលើសហរដ្ឋអាមេរិកផងដែរ។ ប្រមុខដឹកនាំកូរ៉េខាងជើងរូបនេះ បាននិយាយថា កងកម្លាំងអមិត្តបាននិងកំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីបង្ខូចមុខមាត់និងដាក់សម្ពាធគ្រប់ច្រកល្ហក លើគណបក្សកុម្មុយនិស្តចិន ប៉ុន្តែទង្វើទាំងនេះពុំមានប្រសិទ្ធភាពអ្វីឡើយ ហើយពួកវាគ្មានថ្ងៃអាចរារាំង ការបោះជំហានទៅមុខឥតឈប់ឈរ របស់ប្រជាជនក៏ដូចជាប្រជាជាតិចិន បាននោះទេ៕