(បាងកក)៖ ខេត្ត ភូកេត (Phuket) ដែលជាតំបន់កោះទេសចរណ៍ ដ៏មានប្រជាប្រិយភាពបំផុតមួយ នៅភាគខាងត្បូងប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះបានបើកទ្វារដំណើរការឡើងវិញហើយ ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ បន្ទាប់ពីបានផ្អាកអស់រយៈពេលជាងមួយឆ្នាំ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១។

ភ្ញៀវទេសចរមិនចាំបាច់តម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់នៅក្នុងប្រទេសរបស់ពួកគេ យ៉ាងហោចណាស់រយៈពេល ១៤ថ្ងៃ និងបានធ្វើតេស្តអវិជ្ជមាន ចំពោះជំងឺនេះនៅពេលមកដល់។

ជុំវិញបញ្ហានេះ ប្រធានសមាគមទេសចរណ៍ខេត្តភូកេត លោក ភូមិមីឃីតធិ រ៉ាក់តេង៉ាម (Bhummikitti Ruktaengam) បានគូសបញ្ជាក់ថា «ភ្ញៀវទេសចរនឹងត្រូវរង់ចាំលទ្ធផលធ្វើតេស្តរកជំងឺនេះ នៅក្នុងបន្ទប់សណ្ឋាគាររបស់ពួកគេ។ ប្រសិនបើលទ្ធផលចេញមក អវិជ្ជមាន នោះពួកគេនឹងមានសេរីភាពហើយ។ ពួកគេអាចធ្វើដំណើរដោយសេរី ប៉ុន្តែគឺសម្រាប់តែនៅក្នុងខេត្តភូកេតតែប៉ុណ្ណោះ។ ប្រសិនបើពួកគេមានបំណងចង់ធ្វើដំណើរ ទៅកាន់ផ្នែកផ្សេងទៀតនៃប្រទេសថៃ ពួកគេត្រូវចំណាយពេលយ៉ាងហោចណាស់ ១៤ថ្ងៃនៅខេត្តភូកេតសិន»

គួរបញ្ជក់ថា ភូកេតបានក្លាយជាខេត្តដំបូងគេបង្អស់នៅក្នុងប្រទេសថៃ ដែលបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិវិញ ដោយមិនចាំបាច់តម្រូវឱ្យធ្វើចត្តាឡីស័ក។ នេះគឺជាផ្នែកមួយដែលត្រូវបានធ្វើឡើង ដើម្បីជួយសេដ្ឋកិច្ចឱ្យងើបឡើងវិញ ពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ៕