(រ៉ង់ហ្គូន)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានដោះលែងក្រុមបាតុករប្រឆាំងរដ្ឋប្រហារចំនួន ២,២៩៦នាក់ ឱ្យមានសេរីភាពឡើងវិញចេញពីពន្ធនាគារនៅទូទាំងប្រទេស នៅថ្ងៃពុធសប្ដាហ៍នេះ ក្នុងនោះរួមមានទាំងអ្នកកាសែតនៅក្នុងស្រុកជាច្រើននាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១។

ក្រោយការប្រកាសពីការដោះលែងក្រុមបាតុករខាងលើ មនុស្សប្រមាណជា ២០០នាក់បានប្រមូលផ្ដុំគ្នានៅឯពន្ធនាគារ Insein ក្នុងទីក្រុងរ៉ង់ហ្គូន ដើម្បីរង់ចាំទទួល មនុស្សជាទីស្រឡាញ់របស់ខ្លួន។ បុរសម្នាក់ដែលរង់ចាំការដោះលែងកូនស្រីរបស់ខ្លួននៅខាងក្រៅពន្ធនាគារ Insein បាននិយាយថាលោកពិតជាមានមោទនភាព ខ្លាំងណាស់ចំពោះកូនស្រី ដែលបានចូលរួមក្នុងបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ។ បុរសរូបនេះដដែលបានគូសបញ្ជាក់បន្ថែមប្រាប់ AFP ដូច្នេះថា៖ «ខ្ញុំនឹងជំរុញលើកទឹកចិត្តឱ្យកូនស្រីរបស់ខ្ញុំបន្តតស៊ូ រហូតដល់ពួកគេទទួលជោគជ័យ»

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពចលាចលដ៏ហិង្សចាប់តាំងពីមានរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈមក ហើយបើតាមក្រុមអង្គការសង្គមស៊ីវិលមីយ៉ាន់ម៉ា មានមនុស្សច្រើនជាង ៨៨០នាក់បានស្លាប់នៅក្នុងការបង្រ្កាបពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ខណៈជាង ៦,៥០០នាក់ទៀត ត្រូវបានចាប់ខ្លួន៕