(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៤៥០ករណីបន្ថែមទៀត ក្នុងនោះ០៩ករណីជានាំចូល និង៤១១ករណីទៀតជាករណីសហគមន៍។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១។

ក្នុងចំណោមករណីសហគមន៍ទាំងអស់ខាងលើ ទីក្រុងហូជីមិញរ៉ាប់រ៉ងតែឯងចំនួន២៤៩ករណី។ ហើយខេត្តដែលរកឃើញអ្នកឆ្លងថ្មីច្រើនដែរនោះ រួមមានដូចជាខេត្ត Binh Duong មាន៨១ករណី, ខេត្ត Bac Giang មាន១៣ករណី, ខេត្ត Quảng Ngãi មាន១០ករណី, ខេត្ត Phú Yên ចំនួន ២៧ករណី និងខេត្ត Đồng Nai ១២ករណី។

គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះវៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមថ្ងៃពុធនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៦,៨៦៣នាក់ ក្នុងនោះស្លាប់៨១នាក់ និងជាសះស្បើយ ៦,៨៤០នាក់៕