(វ៉ាស៉ីនតោន)៖ សភាអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានអនុម័តច្បាប់មួយដែលនឹងតម្រូវដកចោលនូវ រូបសំណាកបុគ្គលសំខាន់ៗក្នុងប្រវត្តិសាស្រ្ត នៅវិមានសភាអាមេរិក (US Capitol) ដែលការពាររបបទាសភាព រួមទាំងអ្នកដែលធ្លាប់បម្រើការ នៅក្រោមអតីតរដ្ឋបាលមុនៗផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១។

ក្រុមតំណាងរាស្ត្រនៃបក្សសាធារណរដ្ឋសរុបចំនួន ៦៧រូប បានចូលរួមជាមួយក្រុមអ្នកប្រជាធិបតេយ្យទាំងអស់ ក្នុងការបោះឆ្នោតគាំទ្រច្បាប់ខាងលើនេះ ខណៈ ១២០រូប បានបោះឆ្នោតប្រឆាំង។ ប៉ុន្តែលទ្ធផលបោះឆ្នោតចុងក្រោយ គឺទទួលបានសំឡេងគាំទ្រ ២៨៥ ទល់នឹងសំឡេងប្រឆាំង ១២០។

មេដឹកនាំសម្លេងភាគច្រើននៃសភាតំណាងរាស្រ្ត លោក ស្ទែនី ហូយើ (Steny Hoyer) មកពីគណបក្សប្រជាធិបតេយ្យ បានមានលើកឡើងថា «យើងមិនត្រូវភ្លេចពីប្រវត្តិសាស្ត្រទេ។ យើងត្រូវតែរៀនពីប្រវត្តិសាស្រ្ត។ ប៉ុន្តែយើងក៏មិនគួរគោរពចំពោះអ្វី ដែលធ្វើឲ្យខូចគោលការណ៍របស់យើងនោះដែរ។ វាដល់ពេលដែលត្រូវដកចោល នូវរូបសំណាកដែលការពាររបបទាសភាព ការបែងចែក និងការបះបោរចេញពីសាលទាំងនេះហើយ»

គួរបញ្ជាក់ថា ច្បាប់នេះនឹងបញ្ជាឱ្យដកចោលនូវ «រូបសំណាកបុគ្គលសំខាន់ៗ» ក្នុងប្រវត្តិសាស្រ្តចំនួនជាងពាក់កណ្ដាល ដែលបច្ចុប្បន្នត្រូវបានដាក់បង្ហាញ នៅក្នុងវិមានសភាអាមេរិក។ ក្នុងចំណោមរូបសំណាកសំខាន់ ដែលនឹងត្រូវដកចោលនោះរួមមាន រូបសំណាកលោក ចេហ្វហ្វឺសុន ដេវីស (Jefferson Davis), លោក អាឡិចហ្សានដឺ ហាមីលតុន ស្ទេហ្វិន (Alexander Hamilton Stephens), និងលោក វ៉ាដ ហាំតុន (Wade Hampton) ម្ចាស់ចម្ការមួយនៅរដ្ឋ South Carolina ដែលបានបម្រើការជាមេទ័ព ក្នុងកំឡុងនៃសង្គ្រាមស៊ីវិលកើតឡើង៕