(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ បាននិយាយថាលោក អែមម៉ានុយអែល មេនី ប៉ាកគីអៅ (Emmanuel "Manny" Pacquiao) គួរតែចុចឱ្យចំឈ្មោះមន្ត្រីនៅក្នុងជួររដ្ឋាភិបាលរបស់លោកដែលបានប្រព្រឹត្តអំពើពុករលួយ ដើម្បីបង្ហាញថាការរិះគន់កន្លងមករបស់កីឡាករប្រដាល់រូបនេះ មិនមែនជាសកម្មភាពនយោបាយ នៅមុនការបោះឆ្នោតប្រធានាធិបតីចូលមកដល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១។

ការលើកឡើងខាងលើរបស់លោក ឌូតើតេ ធ្វើឡើងនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ និងជាការឆ្លើយតបទៅនឹង លោក ប៉ាកគីអៅ ដែលបានរិះគន់ពីការប្រពឹ្រត្តអំពើពុករលួយនៅក្នុងរដ្ឋាភិបាលរបស់លោក។ មិនតែប៉ុណ្ណោះប្រធានាធិបតីហ្វីលីពីនរូបនេះក៏បានព្រមាន ដែរថាលោកនឹងបង្ហាញឱ្យគ្រប់គ្នាបានដឹងថាជើងឯកប្រដាល់ប៉ាកគីអៅ គឺជាមនុស្សកុហក។

លោក ឌូតើតេ បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមិនដែលបាននិយាយថាគ្មានអំពើពុករលួយនោះទេ...ដូច្នេះចូរបង្ហាញភស្ដុតាងមក ហើយខ្ញុំនឹងចាត់វិធានការ ច្បាប់ប្រឆាំងមន្ត្រីពុករលួយទាំងនោះ។ តែបើសិនជាអ្នក (ប៉ាកគីអៅ) មិនមានភស្ដុងតាងទេ នោះខ្ញុំនឹងបញ្ជាក់ឱ្យគ្រប់គ្នាបានឃើញថាអ្នកជា មនុស្សកុហក»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ឌូតើតេ គឺជាសង្រ្គាមពាក្យសម្ដីចុងក្រោយបំផុតមួយរវាងលោក និង មេនី ប៉ាកគីអៅ ដែលត្រូវបានគេមើលឃើញ ថាជាបេក្ខជនប្រធានាធិបតីដ៏មានសក្ដានុពលម្នាក់កំពុងទទួលបានការគាំទ្រច្រើន ហើយអាចនឹងបន្តកាន់តំណែងជំនួសលោក ឌូតើតេ ក៏ថាបាននៅពេលអាណត្តិជាប្រធានាធិបតីរយៈពេល ៦ឆ្នាំរបស់លោកបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២៕