(ស្តុកហូម)៖ នៅទីបំផុតលោក ស្ទេហ្វាន ឡូហ្វវែន (Stefan Lofven) បានប្រកាសលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រីហើយ នៅថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីទុកឱកាសឲ្យគណបក្សនយោបាយនានា ចាប់ផ្តើមពិភាក្សាគ្នាឈានទៅបង្កើតរដ្ឋាភិបាលថ្មី។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Bloomberg។

ការសម្រេចចិត្តលាលែងចេញពីតំណែងខាងលើនេះ គឺបានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅមុនកាលកំណត់ដែលតម្រូវឲ្យលោក Stefan Lofven វ័យ ៦៣ឆ្នាំ ត្រូវធ្វើការសម្រេចចិត្ត ដើម្បីបញ្ចៀសការបោះឆ្នោតឡើងវិញ ប្រសិនបើគណបក្សនយោបាយនានា ដែលមានសំឡេងនៅក្នុងសភា មិនអាចមានឱកាសអង្គុយចុះពិភាក្សាគ្នា ដើម្បីបង្កើតរដ្ឋាភិបាលថ្មីទេនោះ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីប្រកាសអំពីការលាលែង ចេញពីតំណែងនាយករដ្ឋមន្ត្រី លោក Stefan Lofven បានលើកឡើងយ៉ាងដូច្នេះថា «នេះគឺជាការសម្រេចចិត្តផ្នែកនយោបាយ ដ៏លំបាកជាទីបំផុតដែលខ្ញុំបានធ្វើ»។ លោក Stefan Lofven ដែលបានកាន់តំណែងនាយករដ្ឋមន្ត្រីនេះ តាំងតែពីឆ្នាំ២០១៤ បានលើកឡើងថា ផលប្រយោជន៍ប្រទេសស៊ុយអែត ត្រូវស្ថិតក្នុងអាទិភាពជានិច្ច។

គួរបញ្ជាក់ថា ការលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីរបស់ លោក Stefan Lofven កំពុងក្លាយជាបន្ទុកសម្រាប់រដ្ឋសភា ក្នុងការរៀបចំពិភាក្សា និងស្វែងរកសំឡេងគណបក្សភាគច្រើននៅក្នុងសភា ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ។ ប្រសិនបើកិច្ចពិភាក្សារវាង គណបក្សនយោបាយនានា មិនបានសម្រេចចេញជាលទ្ធផលទេនោះ ស៊ុយអែតនឹងគេចមិនផុតពីការបោះឆ្នោតឡើងវិញ អំលុងជំងឺ COVID-19 កំពុងរាតត្បាតនោះឡើយ៕