(ប៉េកាំង)៖ ក្នុងឱកាសទិវាខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិនជិតចូលមកដល់ កាលពីរសៀលថ្ងៃទី ២៥ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងប៉េកាំង ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានរៀបចំការសិក្សារៀនសូត្រជាសមូហភាពលើកទី ៣១ ស្តីពីការប្រើប្រាស់ឱ្យបានល្អនូវធនធានក្រហម (មរតកបដិវត្តន៍នៃបក្សកុម្មុយនិស្តចិន) ដើម្បីបន្តវេនសរសៃឈាមក្រហម (ប្រពៃណីនិងស្មារតីបដិវត្តន៍ នៃបក្សកុម្មុយនិស្តចិន) ។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើជាអធិបតីក្នុងការសិក្សាលើកនេះ ដោយបានគូសបញ្ជាក់ថា៖ ពណ៌ក្រហមជាឆ្អឹងខ្នងនៃបក្សកុម្មុយនិស្តចិន និងសាធារណរដ្ឋប្រជាមានិតចិន។ ធនធានក្រហមជាសក្ខីភាពនៃប្រវត្តិសាស្ត្រ ខិតខំតស៊ូយ៉ាងលំបាកលំបិននៃបក្សកុម្មុយនិសចិន និងជាមរតកស្មារតីដ៏មានតម្លៃបំផុត នៃបក្សកុម្មុយនិស្តចិន។ សរសៃឈាមក្រហមបានបង្ហាញពីធាតុពិត នៃនយោបាយនៃបក្សកុម្មុយនិស្តចិន ហើយក៏ជាប្រភពកម្លាំងចិត្តនៃសមាជិកបក្សកុម្មុយនិស្តចិន ក្នុងយុគសម័យថ្មីផងដែរ។

រំលឹកពីអតីតកាល សម្លឹងទៅរកអនាគត យើងចាំបាច់ត្រូវបន្តវេនសរសៃឈាមក្រហមជាប់ជានិច្ច, បន្តលើកទឹកចិត្តឱ្យឈានទៅមុខ តាមរយៈប្រវត្តិសាស្ត្រតស៊ូ និងសមិទ្ធផលដ៏មហស្ចារ្យនៃបក្សកុម្មុយនិស្តចិន, ពង្រឹងឧត្តមគតិ ប្រមូលផ្តុំកម្លាំងតាមរយៈប្រពៃណីដ៏រុងរឿង និងឥរិយាបថបដិវត្តន៍ដ៏ល្អនៃបក្សកុម្មុយនិស្តចិន, ចារទំព័រថ្មីក្នុងប្រវត្តិសាស្ត្រ និងវិវឌ្ឍន៍ទៅមុខដោយឈរលើបទពិសោធន៍ និងសមិទ្ធផលអនុវត្តជាក់ស្តែងនៃបក្សកុម្មុយនិស្តចិន, ត្រូវគាំពារឱ្យបានល្អ កសាងឱ្យបានល្អនូវទឹកដី ដែលបានពីការពលីជីវិតរបស់វីរជនបដិវត្តន៍ជំនាន់មុន ដើម្បីខិតខំបង្កើតសមិទ្ធផលថ្មី ដែលមិនធ្វើខុសនឹងប្រវត្តិសាស្ត្រនិងប្រជាជន។

លោក Xi Jinping បានសង្កត់ធ្ងន់ផងដែរថា បក្សកុម្មុយនិស្តចិនទាំងមូលត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវការធ្វើអភិបាលកិច្ចក្រោមការណែនាំនៃទស្សនវិទ្យាសាស្ត្រ, ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវឧត្តមគតិ, ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវបំណងដើមនិងភារកិច្ច, ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវប្រពៃណីបដិវត្តន៍, ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវការធ្វើបដិវត្តន៍លើខ្លួនឯង។

ការសិក្សាលើកនេះបានធ្វើតាមទម្រង់ទស្សនាបូក និងការពិភាក្សា។ ទីតាំងសម្រាប់ទស្សនាមានអត្ថន័យពិសេស គឺនៅអគារក្រហមនៃសកលវិទ្យាល័យប៉េកាំង និងអគារ Fengzeyuan ដែលជាផ្ទះចាស់របស់លោក Mao Zedong។

សូមបញ្ជាក់ថា អគារក្រហមនៃសកលវិទ្យាល័យប៉េកាំង ជាទីតាំងសំខាន់ក្នុងអំឡុងពេលទើបបង្កើតបក្សកុម្មុយនិស្តចិន។ ចំណែកអគារ Fengzeyuan ជាអគារចាស់ដែលលោក Mao Zedong ធ្លាប់ធ្វើការ និងស្នាក់នៅទីនោះរយៈពេល ១៧ឆ្នាំ។ លោក Mao Zedong បានគ្រោងយុទ្ធសាស្ត្រនយោបាយជាតិសំខាន់ៗមួយចំនួន ដើម្បីបង្កើតនិងអភិវឌ្ឍន៍ប្រទេសចិនថ្មីនៅទីនោះ៕