(ញូដេលី)៖ ចំនួនអ្នកឆ្លង COVID-19 សរុប ៤៦,១៤៨នាក់ទៀត ត្រូវបានរាយការណ៍ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនករណីឆ្លងជំងឺនេះសរុប កើនឡើងដល់ ៣០,២៧៩,៣៣១នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១។

ដោយឡែកចំនួនអ្នកស្លាប់វិញគឺប្រមាណ ៩៧៩នាក់ នៅក្នុងរយៈពេល ២៤ម៉ោងដូចគ្នា ហើយនេះជាអត្រាស្លាប់ប្រចាំថ្ងៃ ធ្លាប់ចុះក្រោមខ្ទង់ ១,០០០នាក់ជាលើកដំបូង គិតនៅក្នុងរយៈពេលពីរខែកន្លះមកនេះ ខណៈឥណ្ឌាធ្លាប់ជួបប្រទះ ករណីស្លាប់រហូតដល់ទៅជាង ៦,០០០នាក់ឯណោះក្នុងមួយថ្ងៃ ដោយសារតែជំងឺរាតត្បាតសកល COVID-19។ ចំនួនអ្នកស្លាប់សរុបពេលនេះគឺ ៣៩៦,៧៣០នាក់។

គួរបញ្ជាក់ថា ចំនួនអ្នកជំងឺកំពុងស្ថិតក្នុងការព្យាបាលវិញ ក៏បានថយចុះបន្ថែមទៀតដែរ មកនៅត្រឹមជិត ៥៧៣,០០០នាក់ ខណៈចំនួនអ្នកជាសះស្បើយរាប់ម៉ឺននាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីពេទ្យ នៅក្នុងមួយថ្ងៃៗ។ ទោះបីជាករណីឆ្លង និងស្លាប់បានបន្តធ្លាក់ចុះវិញច្រើនក្តី ក៏រដ្ឋមួយចំនួនរបស់ឥណ្ឌាពេលនេះ កំពុងស្វះស្វែងទប់ទល់ការរាតត្បាតវីរុស COVID-19 បម្លែងខ្លួនថ្មីមួយទៀត នោះគឺវីរុស Delta Plus ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងធ្វើឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់៕