(ប៉េកាំង)៖ ខណៈពេលខួបទី ១០០ នៃការបង្កើតបក្សកុម្មុយនិស្តចិនជិតចូលមកដល់ ថ្ងៃទី២៥ ខែមិថុនា ប្រទេសចិនបានចេញផ្សាយសៀវភៅស ដែលមានចំណងជើងថា «របបគណបក្សបែបថ្មីរបស់ប្រទេសចិន» ដោយបានធ្វើបទបង្ហាញដោយគ្រប់ជ្រុងជ្រោយ ទៅកាន់មជ្ឈដ្ឋានខាងក្រៅអំពីរបបគណបក្សនយោបាយ និងប្រព័ន្ធនយោបាយរបស់ប្រទេសចិន។

លោក Martin Jacques អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ នៃសកលវិទ្យាល័យ Cambridge នៃប្រទេសអង់គ្លេសធ្លាប់ថ្លែងក្នុងអត្ថបទមួយថា «ក្នុងរយៈពេលជាយូរមកហើយ ទស្សនៈរបស់ប្រទេសលោកខាងលិច គឺរបបពហុបក្សជាឧត្តមភាពធំមួយរបស់ប្រជាធិបតេយ្យ ដែលអាចបង្ការកុំឱ្យគណបក្សមានភាពគាំងដំណើរ និងបញ្ឈប់ដំណើរការទៅមុខ។ ប៉ុន្តែតាមពិតទៅ បក្សកុម្មុយនិស្តចិនស្វែងរកបាននូវវិធីសាស្ត្រ ដែលអាចធ្វើឱ្យខ្លួនរក្សាកម្លាំងរស់រវើក និងភាពក្មេងវ័យ រីឯគណបក្សនៃប្រទេសលោកខាងលិចវិញ បែរជាមានគម្លាតកាន់តែឆ្ងាយទៅៗ ជាមួយប្រជាជនដែលខ្លួនបានតំណាងឱ្យនោះ»។ របបគណបក្សនយោបាយបែបថ្មីរបស់ប្រទេសចិន តើវាថ្មីនៅត្រង់ណា ? ជាបឋមគឺនៅត្រង់ទំនាក់ទំនងពិសេសរវាងគណបក្សនយោបាយខុសៗគ្នា។

បើមើលពីតួនាទីអាចឃើញថា ក្នុងរបបគណបក្សនយោបាយបែបថ្មីរបស់ប្រទេសចិន បូករួមទាំងបក្សកុម្មុយនិស្តចិន គណបក្សប្រជាធិបតេយ្យចំនួន ៨ និងឥស្សរជនមិនចូលរួមបក្សនយោបាយ។ ក្នុងនោះ បក្សកុម្មុយនិស្តចិនដើរតួនាទីដឹកនាំ និងកាន់អំណាច គណបក្សប្រជាធិបតេយ្យនានាចូលរួមកិច្ចការនយោបាយ នៃប្រទេសចិនយ៉ាងទូលំទូលាយ។ បក្សកុម្មុយនិស្តចិន និងគណបក្សប្រជាធិបតេយ្យនានា បានបង្កើតជាទំនាក់ទំនងភាពជាដៃគូ សហប្រតិបតិ្តការយ៉ាងជិតស្និទិ្ធ។ ទីពីរ របបគណបក្សនយោបាយបែបថ្មីរបស់ប្រទេសចិន វាថ្មីនៅត្រង់ដំណើរធ្វើសេចក្តីសម្រេចចិត្ត និងវិធីអភិបាលកិច្ចដែលប្រកបដោយលក្ខណៈពិសេស។

ក្នុងនាមជាប្រទេសធំដែលមានចំនួនប្រជាជន ១ពាន់៤រយលាននាក់ ប្រទេសចិនមានវណ្ណៈ និងក្រុមមនុស្សក្នុងសង្គមខុសៗគ្នា។ បក្សកុម្មុយនិស្តចិន គណបក្សប្រជាធិបតេយ្យចំនួន ៨ និងឥស្សរជនមិនចូលរួមបក្សនយោបាយ មានតំណាងមកពីមុខរបបគ្រប់បែបយ៉ាង ប្រការនេះបានធានាយ៉ាងជាក់លាក់ថា របបគណបក្សនយោបាយបែបថ្មីរបស់ប្រទេសចិន មិនត្រឹមតែគោរពតាមក្តីបំណងរបស់ ប្រជាជនភាគច្រើនប៉ុណ្ណោះទេ ថែមទាំងក៏បានគិតពិចារណាដល់ តម្រូវការសមហេតុផលរបស់មនុស្សភាគតិចផងដែរ។

ក្រៅពីនេះ របបគណបក្សនយោបាយបែបថ្មីរបស់ប្រទេសចិន បានប្រមូលផ្តុំមតិយោបល់ និងសេចក្តីស្នើរបស់បណ្តាភាគីនានា តាមរយៈការរៀបចំចាត់ចែងជាប្រព័ន្ធ ដូចជាការពិគ្រោះពិភាក្សារវាងគណបក្ស ការចូលរួមប្រឹក្សាកិច្ចការនយោបាយ និងការត្រួតពិនិត្យដោយប្រជាធិបតេយ្យជាដើម ក្នុងន័យជំរុញការធ្វើសេចក្តីសម្រេចចិត្ត ប្រកបដោយវិទ្យាសាស្ត្រ និងប្រជាធិបតេយ្យ ចៀសវាងដោយមានប្រសិទ្ធិភាពនូវគុណវិបតិ្ត ដូចជាយកចិត្តទុកដាក់តែផលប្រយោជន៍គណបក្ស ផលប្រយោជន៍វណ្ណៈនិងផលប្រយោជន៍ក្រុម ដើម្បីធានាជាក់លាក់នូវនិរន្តរភាព និងស្ថិរភាពនៃការអនុវត្តគោលនយោបាយប្រទេសជាតិ។ របបគណបក្សនយោបាយបែបថ្មីរបស់ប្រទេសចិន បានបង្ហាញពីឧត្តមភាពពិសេស និងកម្លាំងរស់រវើកដ៏ខ្លាំងក្លាក្នុងកិច្ចការនយោបាយ និងសង្គមរបស់ប្រទេសចិន បានជំរុញយ៉ាងខ្លាំងក្លានូវទំនើបភាពវូបនីយកម្ម នៃប្រព័ន្ធអភិបាលកិច្ចជាតិ និងសមត្ថភាពអភិបាលកិច្ច ហើយក៏បានរួមចំណែក «គម្រោងចិន» ដល់ការអភិវឌ្ឍនយោបាយគណបក្ស នៅលើពិភពលោកនាសម័យបច្ចុប្បន្នផងដែរ៕