(រ៉ូម)៖ រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែលថ្មី លោក Yair Lapid បានប្រាប់សមភាគីអាមេរិករបស់លោក គឺលោក Antony Blinken ថាភាគីអ៉ីស្រាអែលពិតមាន ការសង្ស័យជាខ្លាំងចំពោះកិច្ចចរចាស្ដីពីការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់នៅក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១។

បើតាមក្រុមមន្ត្រីអាមេរិក នៅក្នុងជំនួបទល់មុខជាលើកដំបូង ចាប់តាំងពីរដ្ឋាភិបាលអ៉ីស្រាអែលថ្មីស្បថចូលកាន់តំណែងកាលពីជាង២សប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងលោក Lapid បានពិភាក្សាគ្នាប្រកបដោយភាពកក់ក្ដៅ និងវិជ្ជមាន ហើយលោក Lapid ផ្ទាល់ក៏បាន សន្យាផងដែរថានឹងជួសជុលឡើងវិញនូវកំហុសដែលកើតមាននៅក្នុងទំនាក់ទំនងរវាងអាមេរិក និងអ៉ីស្រាអែលនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក៏ប៉ុន្តែ លោក Lapid នៅតែបង្ហាញកង្វល់ដដែលចំពោះកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់។ លោក Lapid បានគូសបញ្ជាក់ដូច្នេះថា៖ «អ៉ីស្រាអែល ពិតជាមានការសង្ស័យជាខ្លាំងចំពោះកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់នៅឯទីក្រុងវីយ្យែន ដោយពួកយើងជឿជាក់ថាកិច្ចពិភាក្សាគួរតែធ្វើឡើងតាម កិច្ចសន្ទនាដោយផ្ទាល់ និងប្រកបដោយវិជ្ជាជីវៈ មិនមែនធ្វើឡើងតាមរយៈសន្និសីទសារព័ត៌មាននោះទេ»

គួរបញ្ជាក់ថា អ៉ីរ៉ង់ និងសហរដ្ឋអាមេរិកបានចូលរួមក្នុងកិច្ចចរចាដោយប្រយោលជាច្រើនលើកមកហើយ ដើម្បីព្យាយាមស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥។ ប៉ុន្តែមកទល់នឹងពេលនេះ ភាគីទាំង២នៅតែមិនទាន់អាចរកច្រកចេញនៅឡើយដោយអ៉ីរ៉ង់ស្នើឱ្យអាមេរិក ដកទណ្ឌកម្មចេញទាំងអស់ ខណៈទីក្រុងវ៉ាស៊ីនតោនចង់ឱ្យអ៉ីរ៉ង់បង្ហាញពីការប្ដេជ្ញាចិត្តអនុវត្តតាមកិច្ចព្រមព្រៀងនេះជាមុនសិន៕