(ព្យុងយ៉ាង)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើងបានចុះផ្សាយថា ប្រជាជនទាំងអស់របស់ប្រទេសនេះ កំពុងតែមានការព្រួយបារម្ភជាខ្លាំង បន្ទាប់ពីបានមើលឃើញមេដឹកនាំកំពូលរបស់ពួកគេ គឺលោក គីម ជុងអ៊ុន បង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ក្នុងការលក្ខណៈស្រកទម្ងន់ជាងមុន គួរឲ្យកត់សម្គាល់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១។

ការបញ្ចេញនូវទឹកចិត្តរបស់ប្រជាជនកូរ៉េខាងជើង ចំពោះថ្នាក់ដឹកនាំកំពូលផុតលេខរបស់ពួកគេ តាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋដ៏កម្របែបនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសារព័ត៌មានបរទេសជាច្រើន បានចុះផ្សាយអំពីលោក គីម ជុងអ៊ុន ដែលបច្ចុប្បន្នមានវ័យ ៣៧ឆ្នាំទៅហើយនោះ «មានលក្ខណៈស្រកទម្ងន់គួរឲ្យកត់សម្គាល់» នៅពេលលោកបង្ហាញវត្តមាន កាលពីដើមខែមិថុនានេះ។

បុរសជនជាតិកូរ៉េខាងជើងម្នាក់ ដែលត្រូវបានសម្ភាសន៍ដោយទូរទស្សន៍រដ្ឋ KRT កាលពីចុងសប្តាហ៍មុន បានលើកឡើងយ៉ាងដូច្នេះថា «ក្រោយពីបានមើលឃើញ រូបរាងប្រមុខដឹកនាំកំពូលជាទីគោរពរបស់យើង (លោក គីម ជុងអ៊ុន) ស្គមជាងមុន ធ្វើឲ្យបេះដូងប្រជាជនទាំងអស់ខ្លោចផ្សាយ៉ាងខ្លាំង។ មនុស្សគ្រប់គ្នាសុទ្ធតែនិយាយបែបនេះ ហើយទឹកភ្នែករបស់ពួកគេ ក៏បានហូរស្រក់ចុះមក...»

គួរបញ្ជាក់ថា សារព័ត៌មានរដ្ឋកូរ៉េខាងជងខាងលើនេះ មិនបានបង្ហើបអំពីមូលហេតុ ដែលបាននាំឲ្យលោក គីម ជុងអ៊ុន ស្រកគីឡូខុសពីធម្មតាបែបនេះឡើយ។ ទោះជាយ៉ាងណា ស្ថានភាពលោក គីម ជុងអ៊ុន បានកើតមានឡើង ស្របពេលដែលលោកផ្ទាល់ ទើបបានប្រកាសទទួលស្គាល់ថា កូរ៉េខាងជើងកំពុងជួបវិបត្តិស្បៀងអាហារធ្ងន់ធ្ងរ។

កាលពីលោក គីម ជុងអ៊ុន ទើបមានវ័យ ៣៣ឆ្នាំ សារព័ត៌មានមួយចំនួនរបស់បរទេសបានចុះផ្សាយថា លោកមានកម្ពស់ ១៧០សង់ទីម៉ែត្រ (1.70m) និងទម្ងន់ជាង ១៣០គីឡូក្រាម ហើយក្រោមកទៀត ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ បានបាត់មុខមួយរយៈធំ និងក្រោយមកទៀត បានបង្ហាញមុខឡើងវិញ ដោយដៃលោកមានកាន់ឈើច្រត់ជាជំនួយ។ អ្នកតាមដានព្រឹត្តិការណ៍កូរ៉េខាងជើង បានសង្ស័យថាកាលណោះ លោក គីម ជុងអ៊ុន អាចជួបបញ្ហាផ្នែកកជើង ឬអាចឈានដល់ការវះកាត់ផងដែរ ប៉ុន្តែព័ត៌មានទាំងនេះ ពុំត្រូវបានកូរ៉េខាងជើងទទួលស្គាល់ឡើយ៕