(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបាននិយាយថាខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសអ៉ីរ៉ាក់ និងស៊ីរី ជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្ដហោះដ្រូនប្រឆាំងយោធាអាមេរិកនៅអ៉ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញ យោធាអាមេរិកបានឱ្យដឹងទៀតថាការវាយប្រហារតាមផ្លូវអាកាសខាងលើមានគោលដៅលើ ឃ្លាំងស្ដុកអាវុធចំនួន២របស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់នៅស៊ីរី និងមួយកន្លែងទៀតនៅក្នុងប្រទេសអ៉ីរ៉ាក់។ ដោយឡែក បើតាមអង្គការឃ្លាំមើលសិទ្ធិ មនុស្សស៊ីរី ការវាយប្រហាររបស់យោធាអាមេរិកក៏បានផ្ដាច់ជីវិតក្រុមសកម្មប្រយុទ្ធយ៉ាងហោច៥នាក់ផងដែរ។

គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសខាងលើ ធ្វើឡើងតាមបញ្ជាដោយផ្ទាល់ពីលោកចូ បៃដិន ហើយវាក៏ជាលើកទី២ដែរដែលលោកបានចេញបញ្ជាឱ្យ បើកការវាយប្រហារបែបនេះលើក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ ចាប់តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករាមក៕