(ឡុងដ៍)៖ រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស លោក មែត ហេនខក់ (Matt Hancock) កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បានលាលែងពីតំណែង ក្រោយបែកធ្លាយព័ត៌មានដែលលាតត្រដាងថា លោកបានបំពានវិធានការរឹតត្បិតប្រឆាំង COVID-19 របស់រដ្ឋាភិបាលអង់គ្លេស តាមរយៈការឱបថើបគ្នាជាមួយជំនួយការស្រីម្នាក់ ដែលជាស្នេហាលួចលាក់របស់លោក នៅឯកន្លែងធ្វើការផ្ទាល់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១។

ការលាលែងរបស់លោករដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសធ្វើឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស The Sun បានបញ្ចេញរូបភាពពីវីដេអូកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីសកម្មភាពរូបលោកកំពុងឱបថើបគ្នា ជាមួយជំនួយការស្រីម្នាក់ ក្នុងបន្ទប់ការិយាល័យលោក កាលពីខែឧសភាកន្លងទៅ។ អ្នកទាំងពីរស្គាល់គ្នាដំបូង កាលពីពេលរៀននៅសាកលវិទ្យាល័យ ហើយសុទ្ធតែបានរៀបការមានគ្រួសាររៀងៗខ្លួន។

ក្នុងលិខិតលាលែងផ្ញើទៅកាន់នាយករដ្ឋមន្រ្តីអង់គ្លេស លោក Hancock បាននិយាយថា លោកធ្វើឲ្យសាធារណជនខកបំណង ដោយបានបំពានវិធានការរឹតត្បិត COVID-19 ខណៈក្នុងនាមជាអ្នកដែលដាក់ចេញគោលការណ៍ទាំងនេះ គឺត្រូវតែគោរពតាមពួកវាឲ្យបាន។ ដូច្នេះហើយទើបលោកត្រូវតែចុះចេញពីតួនាទីបែបនេះ។ តំណែងរដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស ត្រូវជំនួសដោយលោក សាជីដ ចាវីដ (Sajid Javid) ដែលជាអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានគ្រោងនឹងបន្ធូរបន្ថយ វិធានការរឹតត្បិតចេញវិញទាំងស្រុង កាលពីថ្ងៃទី២១ ខែមិថុនា ប៉ុន្តែដោយសារក្តីបារម្ភចំពោះវីវុសបម្លែងថ្មី Delta នៃជំងឺ COVID-19 ក៏បានបង្ខំឲ្យត្រូវអូសបន្លាយពេលបន្ថែមទៀត៕