(បាងកក)៖ នៅថ្ងៃអាទិត្យនេះ ប្រទេសថៃបានប្រកាសអំពីវិធានការរឹតត្បិតថ្មីៗទៀត ដែលផ្តោតនៅរាជធានីបាងកក និងខេត្តជុំវិញនោះ ដើម្បីព្យាយាមទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលថៃ ចំណាត់ការថ្មីៗទាំងនោះ នឹងត្រូវអនុវត្តរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយទៅ។ ក្នុងនោះរួមមានដូចជា ការហាមចូលទទួលទានអាហារផ្ទាល់ នៅតាមភោជនីយដ្ឋាន ក្នុងទីក្រុងបាងកក និងខេត្តចំនួន៥ទៀតនៅជុំវិញ។ ចំណែកផ្សារទំនើបលក់ទំនិញ នៅបាងកកនិងខេត្តទាំង៥ ដាច់ខាតត្រូវបិទទ្វារនៅត្រឹមម៉ោង៩យប់។

រីឯពិធីជប់លៀងអបអរ ឬសកម្មភាពនានា ដែលមានមនុស្សប្រមូលផ្តុំច្រើនជាង២០នាក់ ក៏នឹងត្រូវហាមឃាត់ដែរ។ ម៉្យាងវិញទៀតនោះ ទីតាំងការដ្ឋានសំណង់ នៅតំបន់ចំនួន៦ខាងលើ នឹងត្រូវផ្អាកប្រតិបត្តិការ ហើយជំរំស្នាក់នៅរបស់ក្រុមកម្មករសំណង់នឹងត្រូវបិទហ៊ុមព័ទ្ធ ដើម្បីគ្រប់គ្រងចង្កោមនៃការឆ្លងរាលដាល។ ចាប់តាំងពីខែឧសភាមក ចង្កោមករណីឆ្លងចំនួន៣៧ ត្រូវបានរកឃើញ នៅតាមជំរំស្នាក់នៅរបស់កម្មករសំណង់ ក្នុងទីក្រុងបាងកក។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ ថៃមានករណីឆ្លង COVID-19 នៅទូទាំងប្រទេសសរុប២៤០,៤៥២នាក់ ក្នុងនោះស្លាប់ ១,៨៧០នាក់ និងជាសះស្បើយ ១៩៦,៦៧៥នាក់៕