(វែលីងតោន)៖ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នូវែលសេឡង់បានប្រកាសពីការផ្អាករយៈពេល៣ថ្ងៃសិន នូវគោលការណ៍ធ្វើដំណើរដោយមិនចាំបាច់មានចត្តាឡីស័ក ជាមួយអូស្រ្តាលី ក្រោមហេតុផលថា ការឆ្លងរាលដាលជំងឺ COVID-19 ហាក់កំពុងកើនឡើង នៅក្នុងប្រទេសជិតខាងខ្លួនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២១។

សេចក្តីប្រកាសរបស់នូវែលសេឡង់ត្រូវបានធ្វើឡើង ស្របពេលដែលទីក្រុងស៉ីដនីរបស់អូស្រ្តាលី ត្រូវចាប់ផ្តើមស្ថិតក្រោមការបិទខ្ទប់រយៈពេល២សប្តាហ៍ ដើម្បីគ្រប់គ្រងការឆ្លងរាតត្បាតនៃវីរុសបម្លែងថ្មី Delta របស់ COVID-19។ មកទល់ឥឡូវ ករណីឆ្លងជាង៨០ ត្រូវបានរកឃើញនៅទីក្រុងដែលមានប្រជាជនច្រើនបំផុតមួយនេះរបស់អូស្រ្តាលី ខណៈចង្កោមករណីឆ្លងតូចៗ ក៏ត្រូវបានរកឃើញនៅតាមតំបន់ដទៃទៀតដូចជា នៅដែនដី Northern Territory, រដ្ឋ Victoria និង Queensland ជាដើមផងដែរ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។

កន្លងមក នូវែលសេឡង់ ធ្លាប់បានផ្អាកគោលការណ៍ធ្វើដំណើរគ្មានចត្តាឡីស័កខាងលើ តែជាមួយរដ្ឋមួយៗរបស់អូស្រ្តាលីប៉ុណ្ណោះ។ ដូច្នេះវាជាលើកទីមួយហើយ ដែលនូវែលសេឡង់បានផ្អាកជាមួយប្រទេសអូស្រ្តាលីទាំងមូលបែបនេះ។

គួរបញ្ជាក់ថា ប្រទេសជិតខាងទាំងពីរ បានចាប់ផ្តើមអនុវត្តគោលការណ៍ធ្វើដំណើរពិសេសខាងលើ កាលពីខែមេសាកន្លងទៅ ក្រោយស្ថានការណ៍ហាក់ធូរស្រាល នៅក្នុងប្រទេសទាំងសងខាង គឺជាង១ឆ្នាំ បន្ទាប់នូវែលសេឡង់និងអូស្រ្តាលី សុទ្ធតែបានបិទព្រំប្រទល់អន្តរជាតិដូចគ្នា ដោយសារ COVID-19៕