(អង់គ្លេស)៖ ចក្រភពអង់គ្លេស អាចនឹងប្រឈមមុខនឹងការខ្វះខាតអាហារលក់ នៅតាមផ្សារទំនើប នៅរដូវក្តៅនេះ និងការដួលរលំ «ដែលមិនអាចនឹកស្មានដល់» នៃខ្សែសង្វាក់ផ្គត់ផ្គង់ បន្ទាប់ពីមានការរីករាលដាល នៃជំងឺ COVID-19 និងការចាកចេញពីសហភាពអឺរ៉ុប របស់ចក្រភពអង់គ្លេស នាំឲ្យមានការខ្វះខាតអ្នកបើកបររថយន្តដឹកទំនិញ ជាង១០០.០០០នាក់, នេះបើតាមថ្នាក់ដឹកនាំឧស្សាហកម្ម បានលើកឡើង ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ។

នៅថ្ងៃទី២៣ ខែមិថុនា ក្នុងលិខិតមួយដែលផ្ញើទៅកាន់លោកនាយករដ្ឋមន្ត្រី Boris Johnson, ថ្នាក់ដឹកនាំឧស្សាហកម្ម បានស្នើសុំឲ្យមានការធ្វើអន្តរាគមន៍ផ្ទាល់ខ្លួនរបស់លោក ដើម្បីណែនាំឲ្យមានទិដ្ឋាការពលករបណ្តោះអាសន្ន ចំពោះអ្នកបើកបររថយន្តដឹកទំនិញធុនធ្ងន់ និងដាក់បញ្ចូលពួកគេទៅក្នុង «បញ្ជីការងារដែលខ្វះខាត»។

អ្នកនាំពាក្យរដ្ឋាភិបាលមួយរូប បានលើកឡើងថា ជាមួយនឹងប្រព័ន្ធអន្តោប្រវេសន៍ថ្មី ក្រោយចាកចេញពីសហភាពអឺរ៉ុប របស់ចក្រភពអង់គ្លេស, ឧស្សាហកម្ម គួរតែស្វែងរកកម្មករក្នុងស្រុកជំនួសវិញ។

«ផ្សារទំនើបជាច្រើន បានរាយការណ៍កន្លងមកថា ពួកគេមិនបានទទួលស្តុកទំនិញ ដែលពួកគេរំពឹងទុកនោះទេ ដោយសារលទ្ធផលនៃការខ្វះខាត អ្នកបើករថយន្តដឹកទំនិញនេះ», នេះបើតាមសម្តីលោក Richard Burnett ប្រធានប្រតិបត្តិសមាគមដឹកជញ្ជូនទំនិញផ្លូវគោក ដែលបានបញ្ជូនលិខិត ទៅកាន់នាយករដ្ឋមន្ត្រីនោះ៕