(តៃប៉ិ)៖ កោះតៃវ៉ាន់នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ខ្លួនបានរកឃើញករណីឆ្លងវីរុស COVID-19 បម្លែងខ្លួនថ្មី ឌែលតា (Delta) ឬ B16172 (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមពីឥណ្ឌា) ជាលើកដំបូងបំផុត។ ពេលនេះកោះតៃវ៉ាន់កំពុងតម្រូវឱ្យមាន ការដាក់ចេញវិធានការរឹតត្បឹតជាបន្ទាន់ នៅភាគខាងត្បូងនៃដែនកោះ ដែលករណីទាំងនោះត្រូវបានរកឃើញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលកោះតៃវ៉ាន់ លោក ឈិន ស៉ីជុង (Chen Shih-chung) បានគូសបញ្ជាក់ថា មនុស្ស ០៦នាក់នៅក្នុងតំបន់ ភីងតាំង (Pingtung County) ត្រូវបានគេអះអាងថា បានឆ្លងវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ក្នុងនោះមានមនុស្ស ០២នាក់ ដែលបានវិលត្រឡប់មកពីប្រទេសប៉េរូ នៅក្នុងខែមិថុនានេះ ត្រូវបានគេសង្ស័យថា បានឆ្លងវីរុសបម្លែងថ្មីនេះនៅប៉េរូ។

ជុំវិញបញ្ហានេះ រដ្ឋាភិបាលកោះតៃវ៉ាន់ កំពុងបើកការធ្វើតេស្តសាកល្បងទ្រង់ទ្រាយធំ នៅក្នុងតំបន់ដែលករណីទាំងនោះត្រូវបានរកឃើញ និងតម្រូវឱ្យពួកគេចូលរួមធ្វើចត្តាឡីស័កទាំងអស់ ខណៈផ្សារទំនើប ភោជនីយដ្ឋាន និងផ្សារនានាក៏តម្រូវឱ្យបិទទ្វាររយៈពេល ០៣ថ្ងៃផងដែរ។ លោក Chen Shih-chung បានគូសបញ្ជាក់បន្ថែមថា «បច្ចុប្បន្នវីរុសនេះ បានឆ្លងចូលសហគមន៍ហើយ... យើងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីទប់ស្កាត់វា»

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ កោះតៃវ៉ាន់បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប ១៤,៥៤៥ករណី ក្នុងនោះមានអ្នកស្លាប់ ៦២៣នាក់ និងអ្នកជាសះស្បើយ ១១,០០៨នាក់៕