(វ៉ាស៊ីនតោន)៖ អ្នកសារព័ត៌មានមួយរូបដែលបានរួមដំណើរជាមួយក្រុមប្រតិភូរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បំពេញទស្សនកិច្ចទៅកាន់ សហរដ្ឋអាមេរិក ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១។

លោក Ashraf Ghani និងប្រធានឧត្ដមក្រុមប្រឹក្សាសម្រាប់ការផ្សះផ្សាជាតិអាហ្វហ្គានីស្ថានលោក Abdullah Abdullah បានជួបពិភាក្សាងារជាមួយលោកប្រធានាធិបតី ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះនៅឯសេតវិមាន ហើយមេដឹកនាំអាហ្វហ្គានីស្ថានទាំង២ ក៏បានជួបពិភាក្សារការងារជាមួយប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី Nancy Pelosi ផងដែរ។

បើតាមមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អ្នកសារព័ត៌មានអាហ្វហ្គានីស្ថានខាងលើ មិនបានចូលរួមក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសភាអាមេរិកទេ ប៉ុន្តែរូបគេបានឈរថតរូបជាមួយលោក Ashraf Ghani និងលោកស្រី Nancy Pelosi។ មន្ត្រីរូបនេះបានប្រាប់ Reuters បន្ថែមថាក្រុមមន្ត្រីប្រតិភូអាហ្វហ្គានីស្ថាន ទាំងអស់សុទ្ធតែបានចាក់វ៉ាក់សាំងរួចរាល់។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Ashraf Ghani មកកាន់សហរដ្ឋអាមេរិក ធ្វើឡើងចំពេលទីក្រុងវ៉ាស៊ីនតោនកំពុងដកកងទ័ពចេញពីអាហ្វហ្គានីស្ថានឱ្យបាន មុនថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ។ តែបើតាមប្រភពពីមន្ត្រីការទូរជាច្រើន សហរដ្ឋអាមេរិកអាចនឹងរក្សាទុកកងទ័ពពី៦០០នាក់ ដល់៧០០នាក់ឱ្យបន្តឈរជើងនៅក្នុង ប្រទេសអាហ្វហ្គានីស្ថន ដើម្បីគាំទ្រផ្នែកសន្តិសុខរបស់រដ្ឋាភិបាលទីក្រុងកាប៊ុល៕