(ប៉ារីស)៖ ក្រុមអ្នកជំនាញផ្នែកសុខាភិបាលបានជំរុញឱ្យបណ្ដាប្រទេសនានា នៅជុំវិញពិភពលោកបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 ជូន ប្រជាជនរបស់ខ្លួន ខណៈវីរុសបម្លែងថ្មី Delta (វីរុស COVID-19 បម្លែងថ្មីត្រូវបានរកឃើញមុនគេនៅក្នុងប្រទេសឥណ្ឌា) កំពុងលុកលុយសូម្បីតែនៅក្នុងប្រទេស ដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១។

ការព្រួយបារម្ភពីការឆ្លងរាតត្បាតវីរុសបម្លែងថ្មី Delta មានកាន់តែច្រើនឡើង ដោយសារតែវីរុសនេះត្រូវបានគេមើលឃើញជាមូលហេតុមួយនៅពីក្រោយការកើនឡើង ករណីឆ្លង COVID-19 ថ្មីៗ នៅតាមបណ្ដាប្រទេសជាច្រើនដែលកំពុងដាក់ចេញវិធានការទប់ស្កាត់ឡើងវិញ។ ករណីឆ្លង COVID-19 ដែលកើនឡើងដោយសារ
ការឆ្លងរាតត្បាតវីរុសបម្លែងថ្មី Delta ត្រូវបានរាយការណ៍នៅក្នុងប្រទេសរុស្ស៊ី, អូស្ត្រាលី, អ៉ីស្រាអែល និងនៅទូទាំងតំបន់អាហ្វ្រិក ស្របពេលបណ្ដាប្រទេសដទៃ ក៏កំពុងព្រួយបារម្ភថាអ្នកបន្ទាប់អាចជាពួកគេផងដែរ ដែលត្រូវប្រឈមមុខនឹងវីរុសបម្លែងថ្មីនេះ។

គួរបញ្ជាក់ថា វីរុសបម្លែងថ្មី Delta ដែលជាវីរុស COVID-19 បម្លែងថ្មីត្រូវបានរកឃើញមុនគេនៅក្នុងប្រទេសឥណ្ឌា ត្រូវបានរាយការណ៍នៅក្នុងប្រទេសចំនួន៨៥ ហើយ នៅជុំវិញពិភពលោក។ បើតាមអង្គការ WHO វីរុសបម្លែងថ្មីនេះមានសមត្ថភាពចម្លងជំងឺលឿនរហ័សជាងវីរុសបម្លែងថ្មី Alpha (វីរុស COVID-19 បម្លែងថ្មីរកឃើញ មុនគេនៅក្នុងចក្រភពអង់គ្លេស) ដល់ទៅ ៦០ភាគរយឯណោះ៕