(ញូយ៉ក)៖ ក្រុមអ្នកជំនាញអាមេរិកកាន់តែច្រើន បានលើកឡើងពីភាពចាំបាច់នៃការចាក់វ៉ាក់សាំងប្រើបច្ចេកវិទ្យា mRNA របស់ក្រុមហ៊ុន Pfizer/BioNTech ឬក្រុមហ៊ុន Moderna បន្ថែម សម្រាប់ប្រជាជនអាមេរិកដែលបានចាក់វ៉ាក់សាំងចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson ដើម្បីបង្កើនប្រសិទ្ធភាព ក៏ដូចជាប្រព័ន្ធសុំាប្រឆាំង នឹងវីរុសបម្លែងថ្មី Delta។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១។

មកទល់នឹងពេលនេះ មិនទាន់មានការចេញផ្សាយទិន្នន័យជាក់លាក់ណាមួយ អាចបង្ហាញថាការចាក់វ៉ាក់សាំង ២ផ្សេងគ្នាមានសុវត្ថិភាព និងប្រសិទ្ធភាព ឬក៏ទទួលបានការយល់ព្រមពីអាជ្ញាធរនិយ័តករអាមេរិកនោះទេ។ ប៉ុន្តែ ប្រទេសកាណាដា និងប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួន បានអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនចាក់វ៉ាក់សាំង COVID-19 ២ផ្សេងគ្នា។ គំនិតចង់ឱ្យប្រជាជនអាមេរិកដែលបានចាក់វ៉ាក់សាំងក្រុមហ៊ុន Johnson & Johnson រួច ត្រូវចាក់បន្ថែមជាមួយវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech ឬក្រុមហ៊ុន Moderna កើតមានឡើងចំពេលអ្នកជំនាញជាច្រើនកំពុងព្រួយបារម្ភពីការឆ្លងរាតត្បាតវីរុសបម្លែងថ្មី Delta។

គួរបញ្ជាក់ថា អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក Anthony Fauci កាលពីពេលថ្មីៗនេះបានព្រមានថាវីរុសបម្លែងថ្មី Delta អាចនឹងរ៉ាប់រងករណីឆ្លង COVID-19 ថ្មីទាំងអស់នៅក្នុងសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា លោកក៏បានបញ្ជាក់ដែរថាវិធានការល្អមួយក្នុងការទប់ស្កាត់វីរុសបម្លែងថ្មីនេះ នោះគឺជំរុញឱ្យអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង ប្រញាប់នាំគ្នាទៅចាក់វ៉ាក់សាំង៕