(បូហ្គោតា)៖ ប្រធានាធិបតីកូឡុំប៊ីលោក អ៊ីវ៉ាន ឌូកេ (Ivan Duque) បានថ្លែងនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) ថាឧទ្ធម្ភាគចក្រដែលលោកជិះ រួមជាមួយរដ្ឋមន្ត្រីមួយចំនួនទៀត ត្រូវបានខ្មាន់កាំភ្លើងធ្វើការបាញ់ប្រហារនៅតំបន់ ខាតាថាំបូ (Catatumbo) ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The New York Times នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១។

បន្ទាប់ពីការវាយប្រហារនោះ លោក Duque បានថ្លែងតាមរយៈខ្សែវីដេអូមួយ ដើម្បីឲ្យប្រជាជនលោកបានដឹងថា រូបលោក និងមន្ត្រីកំពូលៗអមដំណើរឯទៀត មានសុវត្ថិភាព និងគ្មាននរណាម្នាក់ រងផលប៉ះពាល់ដល់អាយុជីវិតឡើយ។ យ៉ាងណាក៏ដោយ តាមរយៈរូបភាពនានាដែលត្រូវបានផ្សព្វផ្សាយ គេឃើញឧទ្ធម្ភាគចក្រដែលលោកប្រធានាធិបតីកូឡុំប៊ី និងរដ្ឋមន្ត្រីកំពូលៗ មួយចំនួនទៀតជិះនោះ បានរងការខូចខាតផ្នែកខាងក្រៅ ដោយសារគ្រាប់កាំភ្លើង។

គួរបញ្ជាក់ថា អាជ្ញាធរកូឡុំប៊ីមិនទាន់បានបង្ហើប អំពីក្រុមជនសង្ស័យ ដែលស្ថិតនៅពីក្រោយការប៉ុនប៉ងធ្វើឃាត ប្រធានាធិបតីខាងលើនេះឡើយ ប៉ុន្តែហេតុការណ៍នេះត្រូវបានគេមើលឃើញថា បានកើតមានឡើងនៅតំបន់ក្បែរព្រំដែន ជាមួយប្រទេសវេណេស៊ុយអេឡា។ លោក Ivan Duque បានហៅការវាយប្រហារនេះថា «ជាទង្វើដ៏កំសាក» ហើយលោកក៏បានប្រកាសប្តេជ្ញាជាថ្មី ក្នុងការបន្តធ្វើសង្គ្រាមប្រយុទ្ធប្រឆាំង ការរត់ពន្ធគ្រឿងញៀន, អំពើភេរវកម្ម និងក្រុមឧក្រិដ្ឋជនទាំងឡាយ ដែលកំពុងធ្វើប្រតិបត្តិការ ក្នុងប្រទេសអាមេរិកឡាទីនមួយនេះ៕