(ព្រុចស៊ែល)៖ ផែនការរបស់បារាំង និងអាល្លឺម៉ង់ក្នុងការចាប់ផ្តើមការចរចាឡើងវិញជាមួយរុស្ស៊ីគឺបានបរាជ័យ ដោយសារមេដឹកនាំអឺរ៉ុបមួយចំនួន នៅតែមានការមិនទុកចិត្តក្នុងការស្តារទំនាក់ទំនងឡើងវិញ ជាមួយវិមានក្រឹមឡាំង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNBC នៅថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។

ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្តាហ៍មុនបានប្រព្រឹត្តិទៅយ៉ាងរលូន ទោះបីជាមានភាពខុសគ្នាខ្លាំងក៏ដោយ។ ប្រការនេះបានធ្វើឲ្យមេដឹកនាំអាល្លឺម៉ង់ និងបារាំងចង់យកគំរូតាម។

ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំសហភាពអ៊ឺរ៉ុបមួយចំនួន ជាពិសេសគឺបណ្តាប្រទេសបាល់ទិក ដែលនៅជិតភូមិសាស្ត្ររុស្ស៊ីមិនជឿថា មានការផ្លាស់ប្តូរអាកប្បកិរិយាណាមួយពីទីក្រុងមូស្គូ ដែលអាចកើតចេញពីការចរចាថ្មីរវាងភាគីទាំងពីរនោះទេ។

ថ្លែងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា គំនិតនេះមិនមែនដើម្បីផ្តល់សម្បទានដល់ទីក្រុងមូស្គូទេ ប៉ុន្តែគ្រាន់តែដើម្បីឱ្យមានកិច្ចពិភាក្សាប៉ុណ្ណោះ។

ប៉ុន្តែប្រធានាធិបតីនៃប្រទេសលីទុយអានីលោក Gitanas Nauseda បាននិយាយថា «វាដូចជាឆាប់ពេកហើយ ព្រោះរហូតមកដល់ពេលនេះយើងមិនឃើញមានការផ្លាស់ប្តូរឥរិយាបទរ៉ាឌីកាល់របស់លោក ពូទីន នៅឡើយទេ»។

គួរបញ្ជាក់ថា ដើម្បីឲ្យកិច្ចប្រជុំបែបនេះកើតឡើងទៅបាន លុះត្រាមេដឹកនាំសហភាពអឺរ៉ុបទាំង២៧ ប្រទេសនោះ ឯកភាពជាឯកច្ឆន្ទ៕