(ប៊ូតាន)៖ ព្រះមហាក្សត្រនៃប្រទេសប៊ូតង់ ព្រះចៅ Jigme Khesar Namgyel Wangchuck បានយាងធ្វើដំណើរកាត់ព្រៃ កាត់ភ្នំរាប់រយគីឡូម៉ែត្រដើម្បីរាប់ចំនួនអ្នកស្លាប់ ដោយសារ COVID-19 ក៏ដូចជាចុះសួរសុខទុក្ខប្រជាជននៅតាមតំបន់ដាច់ស្រយាល ព្រមទាំងបង្ហាញពីការចូលរួមរបស់ព្រះអង្គក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។

អស់រយៈពេលជាង១៤ខែមកនេះ ព្រះចៅប៊ូតង់ Jigme Khesar Namgyel Wangchuck មានព្រះជន្ម៤១ព្រះវស្សា បានយាងធ្វើដំណើរទាំងដោយថ្មើរជើង, តាមរថយន្ដ និងពេលខ្លះជិះសេះទៅកាន់ តំបន់ដាច់ស្រយាលនានានៅជុំវិញប្រទេស ក្នុងគោលបំណងចុះត្រួតពិនិត្យដោយផ្ទាល់លើវិធានការនានាការពារប្រទេសដ៏តូចមានប្រជាជនជាង ៧សែននាក់របស់ព្រះអង្គពី COVID-19។

នាយករដ្ឋមន្ត្រីប៊ូតង់ លោក Lotay Tshering បានលើកឡើងដូច្នេះថា៖ «នៅពេលព្រះមហាក្សត្រយាងធ្វើដំណើររាបរយគីឡូម៉ែត្រ...ដើម្បីចុះសួរសុខទុក្ខនិងក្រើនរំលឹក ប្រជាជនឱ្យប្រុងប្រយ័ត្នពីជំងឺ COVID-19 ម្ដងៗ ព្រះរាជបន្ទូលរបស់ព្រះអង្គត្រូវបានរាស្ត្រគោរព និងស្ដាប់យ៉ាងយកចិត្តទុកដាក់បំផុត»។ លោកបន្ថែមទៀតថាវត្តមានរបស់ ព្រះមហាក្សត្រគឺមានឥទ្ធិពលខ្លាំងជាងវិធានការណែនាំដាក់ចេញដោយអាជ្ញាធរទៅទៀត ព្រោះវត្តមានរបស់ទ្រង់បង្ហាញឱ្យប្រជាជនបានដឹងថាពួកគេមិនមែនកំពុងប្រយុទ្ធ ប្រឆាំង COVID-19 តែម្នាក់ឯងនោះទេ។

ក្រោយយាងបំពេញដំណើរទស្សនកិច្ចរួច ព្រះមហាក្សត្រប៊ូតង់តែងតែធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារមួយក្នុងរាជធានី Thimphu ដោយអនុវត្តតាមវិធានការសុខាភិបាល យ៉ាងខ្ជាប់ខ្ជួនដើម្បីជាគំរូសម្រាប់ប្រជាជន។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers បច្ចុប្បន្នប្រទេសប៊ូតង់មានអ្នកឆ្លង COVID-19 ចំនួន ២,០០៦នាក់ ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយឡើងវិញ ១,៧៣៧នាក់៕