(ប៉េកាំង)៖ ថ្ងៃទី២៥ ខែមិថុនា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសស្តីពី «របបគណបក្សនយោបាយបែបថ្មីរបស់ប្រទេសចិន»។ សៀវភៅសនេះបានចែងថារបបពហុបក្សធ្វើកិច្ចសហប្រតិបតិ្តការ និងប្រឹក្សានយោបាយជាមួយគ្នាក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិនជារបបនយោបាយមូលដ្ឋាន របស់ប្រទេសចិន។

របបនេះបានចាក់ឬសគល់ក្នុងប្រទេសចិន ដែលបង្ហាញពីពុទ្ធិប្រទេសចិនផង ហើយក៏បានរៀនសូត្រពីសមិទ្ធផលដ៏ឆ្នើមនៃវប្បធម៌នយោបាយមនុស្សជាតិផងដែរ ជារបបគណបក្សនយោបាយបែបថ្មីរបស់ប្រទេសចិន។ សៀវភៅសនេះបានគូសបញ្ជាក់ថាក្នុងរដ្ឋអំណាចប្រទេសចិន បក្សកុម្មុយនិស្តចិន គណបក្សនយោបាយប្រជាធិបតេយ្យ និងឥស្សរជនមិនចូលរួមបក្សនយោបាយបានបង្កើនសាមគ្គីគ្នា និងសហការគ្នាបំពេញបុព្វហេតុជាតិ នេះជាការរៀបចំចាត់ចែងដ៏សំខាន់នៃរបបគណបក្សនយោបាយបែបថ្មី របស់ប្រទេសចិន។

បក្សកុម្មុយនិស្តចិនបានផ្តល់ការគាំទ្រដល់សមាជិកមិនចូលរួមបក្សនយោបាយ និងឥស្សរជនមិនចូលរួមបក្សនយោបាយក្នុងសភាតំណាងប្រជាជន រដ្ឋបាលនិងស្ថាប័នយុត្តិធម៌ គ្រប់ជាន់ថ្នាក់ដើម្បីឱ្យពួកគេដើរតួនាទីរបស់ខ្លួន និងរួមគ្នាជំរុញកិច្ចកសាងរដ្ឋអំណាចនៃប្រទេសជាតិ។ សៀវភៅសនេះបានបង្ហាញថាការពិតជាក់ស្តែងបានបញ្ជាក់ថា របបគណបក្សនយោបាយបែបថ្មីរបស់ប្រទេសចិនប្រកបដោយភាពចាំបាច់ក្នុងប្រវតិ្តសាស្ត្រ លក្ខណៈស្ថាបនាដ៏មហិមា ឧត្តមភាពដ៏ធំធេងនិងកម្លាំងជីវិតយ៉ាងខ្លាំងក្លា ហើយសមស្របនឹងសភាពការណ៍ជាតិនៃប្រទេសចិននិងតម្រូវការខាងអភិបាលកិច្ចជាតិ ជារបបនយោបាយមូលដ្ឋានដែលមានអំណោយផលដល់ការអភិវឌ្ឍប្រទេសជាតិ ការស្តារប្រជាជាតិឱ្យរុងរឿងថ្កុំថ្កើងឡើងវិញ វឌ្ឍនភាពសង្គមនិងការស្វែងរកសុខសុភមង្គលរបស់ប្រជាជន៕