(យូអិន)៖ អង្គការសហប្រជាជាតិ (UN) និងបណ្តាប្រទេសមួយចំនួន នៅថ្ងៃពុធសប្ដាហ៍នេះ បានដាក់សម្ពាធលើប្រទេសរុស្ស៉ី ដើម្បីបន្តការធ្វើប្រតិបត្តិការឆ្លងកាត់ច្រកព្រំដែនតែមួយគត់ ដែលជំនួយមនុស្សធម៌អាចចូលទៅដល់តំបន់ឧទ្ទាម អ៊ីដលីប (Idlib) របស់ប្រទេសស៉ីរី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។

អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) បានគូសបញ្ជាក់ប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN ថា «ខ្ញុំសូមអំពាវនាវដល់សមាជិកក្រុមប្រឹក្សាទាំងអស់ សម្រេចបានការឯកភាពគ្នា ដើម្បីបន្តអនុញ្ញាតការធ្វើប្រតិបត្តិការឆ្លងកាត់ព្រំដែន ដែលជាបណ្តាញគាំទ្រដ៏សំខាន់មួយចំពោះស៉ីរី សម្រាប់រយៈពេលមួយឆ្នាំទៀត»

ចាប់តាំងពីដើមឆ្នាំ២០២១នេះ ប្រទេសរុស្ស៊ី បានបញ្ជាក់យ៉ាងច្បាស់អំពីការប្រឆាំងរបស់ខ្លួន ចំពោះការចង់បន្តការអនុញ្ញាតប្រតិបត្តិការឆ្លងព្រំដែននេះ ហើយបើយោងតាមក្រុមអ្នកការទូតមួយចំនួន ទីក្រុងម៉ូស្គូអាចនឹងប្រើសិទ្ធិវ៉េតូថែមទៀតផង លើបញ្ហានេះ។ អនុញ្ញាតឥឡូវកិច្ចចរចាត្រូវបានចាប់ផ្តើមហើយ លើសេចក្តីព្រាងដំណោះស្រាយមួយ ជុំវិញការបន្តអនុញ្ញាតប្រតិបត្តិការឆ្លងព្រំដែននោះ ដែលរៀបចំឡើង ដោយ ប្រទេសអៀរឡង់ (Ireland) និងន័រវែស (Norway) ដែលមិនមែនជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។ សេចក្តីព្រាងនោះ នឹងត្រូវការការបោះឆ្នោតសម្រេច មុនពេលការអនុញ្ញាតប្រតិបត្តិការឆ្លងព្រំដែនរបស់ UN ផុតសុពលភាពនៅថ្ងៃទី១០ ខែកក្កដាខាងមុខនេះ។

គួរបញ្ជាក់ថា ប្រតិបត្តិការឆ្លងព្រំដែនខាងលើ អនុញ្ញាតឱ្យជំនួយមនុស្សធម៌អាចចូលទៅដល់ប្រជាជនប្រមាណពី ៣-៤លាននាក់ ដែលកំពុងរស់នៅក្នុងតំបន់ Idlib ភាគខាងជើងប្រទេសស៉ីរី ហើយវាក៏មានសារៈសំខាន់ក្នុងការធានាបាននូវ ការបន្តចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយផ្ទាល់ជូនដល់ប្រជាជនសស៉ីរីទាំងអស់នោះផងដែរ៕