(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន២២០ករណីបន្ថែមទៀត ក្នុងនោះ ២១៧ករណីជាករណីឆ្លងសហគមន៍ និង០៣ករណីទៀតជាករណីនាំចូល។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។

ក្នុងចំណោមករណីសហគមន៍នៅថ្ងៃពុធនេះ ទីក្រុងហូជីមីញនៅតែអ្នករ៉ាប់រ៉ងច្រើនជាងគេ ជាមួយការរកឃើញករណីឆ្លងថ្មីចំនួន ១៥២នាក់ ខណៈដែលទីក្រុងមួយនេះបានសម្រេចរឹតត្បិតវិធានការសុខាភិបាលបន្ថែមកម្រិតទៀត ដោយហាមឃាត់ការជួបជុំគ្នាដែលមានគ្នាលើសពី០៣នាក់ និងរក្សាគម្លាតពីគ្នាឲ្យមាន១.៥ម៉ែតនៅតាមទីសាធារណៈ ក៏ដូចជាហាមចេញក្រៅផ្ទះលើកលែងតែមានកិច្ចការចាំបាច់។

ចំណែកតំបន់ដែលរកឃើញករណីឆ្លងថ្មីៗច្រើនដែរនោះ រួមមានខេត្ត Binh Duong ចំនួន២៣នាក់, ខេត្ត Bac Giang ចំនួន១១ករណី, ខេត្ត Nghệ An ចំនួន០៧នាក់, ទីក្រុង Đà Nẵng ចំនួន០៦ករណី, ខេត្ត Long An ចំនួន០៥ករណី។ ក្រៅពីនោះនៅតាមខេត្តផ្សេងៗដែលមានមួយ ឬពីរកណី។

គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះវៀតណាមក៏រកឃើញនៅអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះម្នាក់ទៀតផងដែរ។សរុបមកវិញ គិតត្រឹមថ្ងៃពុធនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៣,៩៤៧នាក់ ក្នុងនោះស្លាប់៧០នាក់៕