(តូក្យូ)៖ ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញនៅថ្ងៃពុធនេះថា អត្រាចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រចាំថ្ងៃរបស់ប្រទេសនេះ បានឈានដល់ចំណុចសំខាន់ ១លានដូសហើយ ខណៈអាជ្ញាធរកំពុងព្យាយាមបង្កើនល្បឿនចាក់ជូនដល់ប្រជាជន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។

តួលេខខាងលើនេះ គឺជាកម្រិតខ្ពស់មួយដែលបានកំណត់ដោយនាយករដ្ឋមន្រ្តីជប៉ុន លោក យ៉ូស៉ីហ៉ីដេ ស៊ូហ្គា (Yoshihide Suga) ដើម្បីធានាបានថាប្រជាជនវ័យចំណាស់ ទាំងអស់របស់ខ្លួននឹងបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅចុងខែកក្កដាខាងមុខនេះ និងប្រជាជនពេញវ័យទាំងអស់នៅខែវិច្ឆិកាខាងមុខនេះ។

កន្លែងចាក់វ៉ាក់សាំងបានបើកនៅតាមកន្លែងធ្វើការនានា នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយតួលេខការិយាល័យចុងក្រោយបង្អស់របស់គណៈរដ្ឋមន្រ្តីបានបង្ហាញថា វ៉ាក់សាំងចំនួន ១,០១៣,០៦១ដូសបានចាក់ជូនដល់ប្រជាជននៅថ្ងៃទី១៤ ខែមិថុនា ហើយប្រហែលជិត ១លានដូសនៅក្នុងរយៈពេល ០៣ថ្ងៃជាប់គ្នា។

គួរបញ្ជាក់ថា បើតាមសារព័ត៌មាន Reuters ប្រមាណ ១៨ភាគរយនៃប្រជាជនជប៉ុនសរុបចំនួន ១២៥លាននាក់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់ ១ដូសរួចរាល់ហើយ ប៉ុន្តែវានៅតែជាកម្រិតទាបបំផុតក្នុងចំណោមបណ្ដាប្រទេសសេដ្ឋកិច្ចធំៗ៕