(ម៉ូស្គូ)៖ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាលោក មីន អោង ហ្លេង បានអរគុណប្រទេសរុស្ស៊ី ដែលបានជួយពង្រឹងសមត្ថភាពកងទ័ព នៃប្រទេសអាស៊ានមួយនេះ ឲ្យក្លាយជាយោធាដ៏ខ្លាំងក្លាមួយនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។

ការថ្លែងអំណរគុណខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលលោក មីន អោង ហ្លេង ធ្វើដំណើរបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ដែលគេដឹងថា ជាដៃគូផ្គត់ផ្គង់សព្វាវុធធំបំផុត នៃរបបយោធានៅមីយ៉ាន់ម៉ា។ រុស្ស៊ីក៏ត្រូវបានគេមើលឃើញថា ជាប្រទេសលេចធ្លោតែមួយគត់ ដែលបានចេញមុខគាំទ្ររបបយោធាមីយ៉ាន់ម៉ា បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់ រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី កាលពីខែកុម្ភៈ និងថែមទាំងបានព្រមានលោកខាងលិច មិនឲ្យដាក់ទណ្ឌកម្មមកលើ ប្រទេសអាស៊ានមួយនេះផងដែរ។

នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) នៅក្នុងរដ្ឋធានីម៉ូស្គូ លោក មីន អោង ហ្លេង បានលើកឡើងយ៉ាងដូច្នេះថា «ទំនាក់ទំនងមិត្តភាពរវាងរុស្ស៊ី និងមីយ៉ាន់ម៉ា កាន់តែវិវឌ្ឍទៅមុខរឹងមាំឡើងៗហើយ។ អរគុណប្រទេសរុស្ស៊ី... យោធារបស់យើង (មីយ៉ាន់ម៉ា) បានក្លាយជាយោធាដ៏ខ្លាំងបំផុតមួយនៅក្នុងតំបន់...»

ជាការឆ្លើយតបវិញ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីក៏បានប្តេជ្ញាចិត្ត ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី លើវិស័យយោធារវាងរុស្ស៊ី និងមីយ៉ាន់ម៉ាផងដែរ។ លោករដ្ឋមន្ត្រី Sergei Shoigu បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «កិច្ចសហប្រតិបត្តិការលើវិស័យយោធា គឺជាធាតុផ្សំដ៏សំខាន់ នៃទំនាក់ទំនងរវាងរុស្ស៊ី និងមីយ៉ាន់ម៉ា»