(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន២៤៨ករណីបន្ថែមទៀត ក្នុងនោះ ២៣៦ករណីជាករណីឆ្លងសហគមន៍ និង១២ករណីទៀតជាករណីនាំចូល។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១។

ក្នុងចំណោមករណីសហគមន៍នៅថ្ងៃចន្ទនេះ ទីក្រុងហូជីមីញនៅតែអ្នករ៉ាប់រ៉ងច្រើនជាងគេ ជាមួយការរកឃើញករណីឆ្លងថ្មីចំនួន ១៣៦នាក់ ខណៈដែលទីក្រុងមួយនេះបានសម្រេចរឹតត្បិតវិធានការសុខាភិបាលបន្ថែមកម្រិតទៀត ដោយហាមឃាត់ការជួបជុំគ្នាដែលមានគ្នាលើសពី០៣នាក់ និងរក្សាគម្លាតពីគ្នាឲ្យមាន១.៥ម៉ែតនៅតាមទីសាធារណៈ ក៏ដូចជាហាមចេញក្រៅផ្ទះលើកលែងតែមានកិច្ចការចាំបាច់។

ចំណែកតំបន់ដែលរកឃើញករណីឆ្លងថ្មីៗច្រើនដែរនោះ រួមមានខេត្ត Bac Giang ចំនួន៣១ករណី, ខេត្ត Binh Duong ចំនួន៣៣នាក់, ខេត្ត Bac Ninh ចំនួន០៦នាក់, ទីក្រុង Đà Nẵng ចំនួន០៤ករណី, ខេត្ត Tiền Giang ចំនួន០៥ករណី។ ក្រៅពីនោះនៅតាមខេត្តផ្សេងៗដែលមានមួយ ឬពីរកណី។

សរុបមកវិញ គិតត្រឹមថ្ងៃអង្គារនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៣,៧៣១នាក់ ក្នុងនោះស្លាប់៦៩នាក់៕