(វ៉ាស៊ីនតោន)៖ ប្រធានផ្នែកវិទ្យាសាស្ត្រ នៃអង្គការសុខភាពពិភពលោក (WHO) លោកស្រី សួមយ៉ា ស្វាមីណាថាន់ (Soumya Swaminathan) កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ កន្លងទៅ បានប្រកាសថាពេលនេះវីរុស COVID-19 បម្លែងថ្មី ឌែលតា (Delta ជាវីរុសមានប្រភពដើមនៅឥណ្ឌា) កំពុងក្លាយជាវីរុសរាតត្បាតនៅពាសពេញពិភពលោកហើយ។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រ វីរុសបម្លែងខ្លួនថ្មី គឺមានគ្រោះថ្នាក់ខ្លាំងជាងវីរុសដើមរបស់វា ដោយវាអាចចម្លងលឿនហ័សជាង, មានភាពកាចសាហាវជាង ហើយពេលខ្លះអាចធ្វើឱ្យ ប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំងទៀតផង។ ការសិក្សាពីវីរុស Delta ជាច្រើនក៏បានឱ្យដឹងដែរថាក្នុងពេលបច្ចុប្បន្ន វ៉ាក់សាំងគ្រប់ដូស ឬ២ដូសមានប្រសិទ្ធភាពយ៉ាងហោច ៨៨ភាគរយ បង្ការមិនឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ដោយសារ COVID-19 ឬវីរុសបម្លែងខ្លួនថ្មី Delta។ ប៉ុន្តែ អ្នកដែលចាក់វ៉ាក់សំាងតែមួយដូស មានប្រសិទ្ធភាពត្រឹមតែ៣៣ភាគរយ ប៉ុណ្ណោះ។

ជាឧទារហណ៍ជាក់ស្ដែង ការសិក្សាស្រាវជា្រវនៅក្នុងចក្រភពអង់គ្លេស បានរកឃើញថាវ៉ាក់សាំង ២ដូសរបស់ក្រុមហ៊ុន Pfizer នៅតែមានប្រសិទ្ធភាព៩៦ភាករយ បង្ការកុំឱ្យធ្លាក់ ខ្លួនឈឺធ្ងន់ និង៨៨ភាគរយបង្ការរោគសញ្ញា COVID-19 បង្កឡើងដោយវីរុស Delta។ ចំណែកឯ វ៉ាក់សាំង២ដូសរបស់ក្រុមហ៊ុន AstraZeneca មានប្រសិទ្ធភាព៩២ភាគរយ ការពារកុំឱ្យឈឺធ្ងន់ និង៦០ភាគរយបង្ការរោគសញ្ញា COVID-19 បង្កឡើងដោយវីរុស Delta។

តែទោះជាបែបនេះក្ដី ប្រសិទ្ធភាពបែបនេះមិនបានកើតឡើងលើអ្នកចាក់វ៉ាក់សាំងដូសទី១នោះទេ មិនថាចាក់ដូសទី១ នៃវ៉ាក់សាំង Pfizer ឬវ៉ាក់សាំង AstraZeneca ក៏ដោយ ពោលគឺអ្នកចាក់ដូសទី១ មានប្រសិទ្ធភាព ៣៣ភាគរយប៉ុណ្ណោះប្រឆាំងនឹងវីរុស Delta។ ជុំវិញបញ្ហានេះដែរ លោក បុប វ័ចឈ័រ (Bob Wachter) ជាប្រធាននាយកដ្ឋានឱសថ នៃសាកលវិទ្យាល័យ California ក្នុងទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក បានកត់សម្គាល់ថាវាមានលទ្ធភាពអាចទៅរួចដែលវីរុស Delta អាចទម្លុះ ប្រព័ន្ធភាពសុំា ហើយធ្វើឱ្យអ្នកដែលបានចាក់វ៉ាក់សាំងរួចធ្លាក់ខ្លួនឈឺ។

*គ្រោះថ្នាក់នៃវីរុស Delta

ខណៈវីរុស Delta បង្កការគំរាមកំហែងដ៏ធំដល់អ្នកដែលមិនទាន់ ឬមិនបានចាក់វ៉ាក់សាំង ក្រុមអ្នកជំនាញបារម្ភថាវីរុសបម្លែងខ្លួនថ្មីមួយនេះអាចជាមូលហេតុមួយនៅពីក្រោយ ការកើនឡើងនូវករណីឆ្លង COVID-19 ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ឬ ២ដូស នាពេលថ្មីៗនេះ។ លើសពីនេះទៅទៀត ពួកគេក៏បានបង្ហាញក្ដីព្រួយបារម្ភ ផងដែរថាវីរុស Delta អាចនឹងកាន់តែបង្កគ្រោះថ្នាក់ ព្រោះថាសមត្ថភាពចម្លងយ៉ាងលឿនរហ័សរបស់វាអាចនឹងងាយរីករាលដាលនៅក្នុងចំណោមមនុស្សដែលមិនបានចាក់ វ៉ាក់សាំង ដែលនេះនឹងបើកផ្លូវឱ្យវីរុសបម្លែងខ្លួនថ្មីកើតឡើងជាបន្តបន្ទាប់ បើគ្មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេនោះ។

ការសិក្សានៅក្នុងចក្រភពអង់គ្លេស បានរកឃើញថាវីរុស Delta មានសមត្ថភាពចម្លង ៦០ភាគរយខ្លាំងជាងវីរុស Alpha ដែលជាវីរុសបម្លែងខ្លួនថ្មីត្រូវបានគេរកឃើញមុនគេ ក្នុងចក្រភពអង់គ្លេស។ វីរុស Alpha ត្រូវបានគេរាយការណ៍ថាអាចចម្លង ៥០ភាគរយ លើសវីរុស COVID-19 ដើមរបស់វា។

*តើវីរុស Delta អាចធ្វើឱ្យអ្នកចាក់វ៉ាក់សាំងរួចធ្លាក់ខ្លួនឈឺដែរឬទេ?

បើទោះបីជា វីរុសបម្លែងខ្លួនថ្មីត្រូវបានគេជឿជាក់ថាជាហេតុផលនៅពីក្រោយករណីឆ្លង COVID-19 នៅក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងរួចក៏ដោយ ក៏ក្រុមអ្នកជំនាញ វេជ្ជសាស្ត្រមួយចំនួន ដូចជាលោក វីវិច ឆេរៀន (Vivek Cherian) យល់ថាគេមិនគួរបារម្ភខ្លាំងពេកនោះទេ ព្រោះថាវាជារឿងកម្រដែលអ្នកបានចាក់វ៉ាក់សាំង២ដូសរួច នៅតែឆ្លង COVID-19។ លោក ឆេរៀន អះអាងបែបនេះដោយផ្អែកលើរបាយការណ៍មួយចេញផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក CDC កាលពីខែឧសភាកន្លងទៅ ដែលបង្ហាញថាក្នុងចំណោមប្រជាជនអាមេរិកដែលបានចាក់វ៉ាក់សាំងរួច មានតែ ០.០១ភាគរយប៉ុណ្ណោះបានធ្លាក់ខ្លួនឈឺដោយសារ COVID-19។

តែយ៉ាងណាក៏ដោយ លោក បុប វ័ចឈ័រ នៅតែបារម្ភដដែលថាវីរុសបម្លែងខ្លួនថ្មី Delta អាចនឹងប្រែក្លាយករណីកម្របែបនេះទៅជាករណីធ្ងន់ធ្ងរ។ «វាជាការកើនឡើងហានិភ័យ ដោយយើងអាចនឹងបានឃើញករណីឆ្លង ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងរួចមានកាន់តែច្រើនឡើង ហើយប្រហែលជា កាន់តែធ្ងន់ធ្ងរជាងអ្វីដែលខ្ញុំព្រួយបារម្ភអស់ជាច្រើនសប្ដាហ៍ មកនេះក៏ថាបាន»។ នេះជាការលើកឡើងរបស់លោក បុប វ័ចឈ័រ។ លោក បុប វ័ចឈ័របន្ថែមទៀតថាមនុស្សមានវ័យចំណាស់ ឬមានប្រព័ន្ធភាពសុំាទន់ខ្សោយ នឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងជាងគេ ពីព្រោះថាមនុស្សអាយុ ៨០ឆ្នាំ ទោះជាគេបានចាក់វ៉ាក់សាំងគ្រប់ដូសក៏ដោយ ក៏កម្រិតប្រព័ន្ធភាពសុំារបស់ពួកគេ មិនដូចមនុស្ស មានអាយុ៣០ឆ្នាំនោះដែរ។

គួរបញ្ជាក់ថា បើតាមអង្គការសុខភាពពិភពលោក WHO វីរុសបម្លែងខ្លួនថ្មី Delta ត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន៩២ហើយ នៅជុំវិញពិភពលោក។ មធ្យបាយដ៏ល្អដើម្បី ទប់ស្កាត់វីរុសនេះ នោះគឺការបង្កើនល្បឿនចាក់វ៉ាក់សាំង សំដៅរារាំងកុំឱ្យមានវីរុសបម្លែងខ្លួនថ្មីតទៅទៀត។ ក៏ប៉ុន្តែ អ្នកជំនាញជាច្រើនព្រមានថាផ្អែកលើអត្រាចាក់វ៉ាក់សាំង សកលសព្វថ្ងៃ ហើយបើគ្មានអ្វីប្រែប្រួល ឬគ្មានការជឿនលឿនទៅមុខទេ នោះគេត្រូវចំណាយពេលរហូតដល់ឆ្នាំ២០២៤ ឯណោះ ទើបប្រទេសទាំងអស់អាចមានវ៉ាក់សាំង គ្រប់គ្រាន់ចាក់ឱ្យប្រជាជនរបស់ខ្លួន៕

ប្រភព៖ Business Insider (ថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១)