(ប៉េកាំង)៖ លោក Cui Tiankai ឯកអគ្គរដ្ឋទូតយូរជាងគេបំផុតរបស់ចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបានប្រកាសនៅថ្ងៃអង្គារទី២២ ខែមិថុនានេះថា លោកនឹងចាកចេញពីមុខតំណែង បន្ទាប់ពីបម្រើការអស់រយៈពេល០៨ឆ្នាំ។ នេះបើយោងតាមការចេញផ្សាដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Cui ដែលមានអាយុ ៦៨ឆ្នាំ និងដែលហួសអាយុចូលនិវត្តន៍៣ឆ្នាំ សម្រាប់អ្នកការទូតជាន់ខ្ពស់ចិនរូបនេះត្រូវបានគេដឹងថា បានចូលរូមចំណែកយ៉ាងខ្លាំង ក្នុងការរក្សាភាពត្រជាក់ក្នុងអំឡុងពេលមានជម្លោះមិនចុះសម្រុងគ្នារវាងរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋបាលអាមេរិករបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ។

ក្រសួងការបរទេសចិនបានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញថា តើអ្នកណានឹងទទួលតំណែងដ៏សំខាន់នេះជំនួសលោក Cui។ ប៉ុន្តែប្រភពស្និតនឹងបញ្ហានេះបានប្រាប់ទីភ្នាក់ងារ Reuters ថាលោក Qin Gang អាយុ ៥៥ឆ្នាំដែលជាអនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាជំនួយការរបស់លោកប្រធានាធិបតី ស៊ី ជិនពីងត្រូវបានគេរំពឹងថា នឹងក្លាយជាឯកអគ្គរដ្ឋទូតចិនប្រចាំងទីក្រុងវ៉ាស៊ីនតោន៕