(ឌូបៃ)៖ អាប៊ូ ដាប៊ី (Abu Dhabi) ដែលជារដ្ឋធានីនៃប្រទេសអារ៉ាប់រួម (UAE) កំពុងផ្តល់ជូនភ្ញៀវទេសចរនូវការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយឥតគិតថ្លៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១។

បើតាមព័ត៌មានដែលផ្ដល់ដោយក្រុមហ៊ុនផ្តល់សេវាសុខភាពនៃទីក្រុង Abu Dhabi (SEHA) ភ្ញៀវទេសចរដែលកាន់ទិដ្ឋាការស្នាក់នៅទីក្រុង Abu Dhabi និងអ្នកកាន់លិខិតឆ្លងដែនអារ៉ាប់រួម អាចធ្វើការកក់វ៉ាក់សាំង ដើម្បីទទួលបានការចាក់ដោយឥតគិតថ្លៃបាន។ ការិយាល័យព័ត៌មានទីក្រុង Abu Dhabi ក៏ធ្លាប់បានគូសបញ្ជាក់កាលពីថ្ងៃទី១១ ខែមិថុនាដែរថា អ្នកកាន់ទិដ្ឋាការស្នាក់នៅហួសសុពលភាព ឬទិដ្ឋាការចូលមកកាន់ទីក្រុង Abu Dhabi ក៏អាចមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃផងដែរ។

ការបាត់បង់ការងារ និងការរឹតត្បិតការធ្វើដំណើរ នាកំឡុងពេលមានជំងឺឆ្លងរាតត្បាត COVID-19 បានក្លាយជាមូលហេតុនាំឲ្យ ទិដ្ឋាការស្នាក់នៅរបស់មនុស្សមួយចំនួនហួសសុពលភាព ឬត្រូវបានលុបចោល។ បើតាមអាជ្ញាធរសុខាភិបាលអារ៉ាប់រួម ក្នុងខែមិថុនានេះ ជិត ៨៥ភាគរយនៃប្រជាជនគ្រប់អាយុ បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូស ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinopharm និងក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech។

គួរបញ្ជាក់ថា ករណីឆ្លងជំងឺ COVID-19 បានកើនឡើងគួរឱ្យកត់សម្គាល់ នៅក្នុងប្រទេសអារ៉ាប់រួមកាលពីខែឧសភា ហើយទីក្រុង Abu Dhabi នៅតែបន្តអនុវត្តការរឹតត្បិត លើការធ្វើដំណើរចូលមកកាន់ទីក្រុងរបស់ខ្លួនដដែល រួមទាំងការធ្វើចត្តាឡីស័កនៅឯផ្ទះ និងការធ្វើតេស្តបន្ទាប់ពីការចូលមកដល់ជាដើម។ ប៉ុន្តែអ្នកទេសចរមកពីប្រទេសចំនួន ២៧ ក្នុងនោះមានដូចជា ចិន អាល្លឺម៉ង់ និងសហរដ្ឋអាមេរិកជាដើម អាចចូលមកកាន់ទីក្រុងនេះបាន ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ សម្រាប់អ្នកចាក់់វ៉ាក់សាំងរួចរាល់៕