(សេអ៊ូល)៖ អ្នកនាង គីម យ៉ូចុង ដែលជាមន្រ្តីជាន់ខ្ពស់នៃបក្សកាន់អំណាចកូរ៉េខាងជើង និងជាប្អូនស្រីបង្កើតមេដឹកនាំកំពូលកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន នៅថ្ងៃអង្គារនេះបានចេញសេចក្តីថ្លែងការណ៍ចំអកលើ ក្តីសង្ឃឹមរបស់សហរដ្ឋអាមេរិក ដែលចង់បើកកិច្ចចរចាគ្នាឡើងវិញ ជាមួយប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១។

ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង អ្នកនាង គីម យ៉ូចុង បាននិយាយថា សហរដ្ឋអាមេរិកហាក់យល់ខុសស្រឡះអំពី សញ្ញាដែលបង្ហាញដោយទីក្រុងព្យុងយ៉ាង ហើយវានឹងនាំទីក្រុងវ៉ាស៉ីនតោនទៅរកការខកបំណងធំមួយ។ សម្តីរបស់អ្នកនាង គីម គឺជាការឆ្លើយតបចំពោះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក ស៊ូលីវ៉ាន់ (Jake Sullivan) ដែលកាលពីថ្ងៃអាទិត្យកន្លងទៅ បាននិយាយថា លោកមើលឃើញសញ្ញាគួរឲ្យចាប់អារម្មណ៍មួយ នៅក្នុងការលើកឡើងនាពេលថ្មីៗនេះ របស់លោក គីម ជុងអ៊ុន ដែលជំរុញឲ្យកូរ៉េខាងជើងត្រៀមលក្ខណៈសម្រាប់ការទូតផង និងការប្រឈមមុខគ្នាផង ជាមួយសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ការចេញសេចក្តីថ្លែងការណ៍របស់ប្អូនស្រីលោក គីម ជុងអ៊ុន នេះ ក៏ត្រូវបានធ្វើឡើង ចំពេលដែលបេសកជនពិសេសអាមេរិក ទទួលបន្ទុកបញ្ហាកូរ៉េខាងជើង លោក ស៊ុង គីម ដែលទើបតែងតាំងថ្មី កំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងផងដែរ។ កាលពីថ្ងៃចន្ទម្សិលមិញ លោក ស៊ុង គីម បានបង្ហាញឆន្ទៈរបស់ទីក្រុងវ៉ាស៉ីនតោនជាថ្មីម្តងទៀត ក្នុងការបើកកិច្ចចរចាឡើងវិញជាមួយកូរ៉េខាងជើង នៅពេលណា កន្លែងណាក៏បាន និងដោយគ្មានលក្ខខណ្ឌ ហើយលោកទន្ទឹងរង់ចាំការឆ្លើយតបវិជ្ជមានឆាប់ៗ ពីទីក្រុងព្យុងយ៉ាង៕