(ហុងកុង)៖ រដ្ឋបាលទីក្រុងហុងកុង នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសថា ខ្លួននឹងកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក សម្រាប់អ្នកបានចាក់វ៉ាក់សាំងបង្ការ COVID-19 ដែលធ្វើដំណើរមកដល់ទីក្រុងហុងកុង ពី១៤ថ្ងៃ មកនៅត្រឹម ០៧ថ្ងៃវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នៅរសៀលថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១។

បើតាមរដ្ឋាភិបាលទីក្រុងហុងកុង វិធានការថ្មីខាងលើគឺអនុវត្តសម្រាប់តែអ្នក ដែលបានចាក់វ៉ាក់សាំងដូសទី ២ បានគ្រប់ ១៤ថ្ងៃហើយតែប៉ុណ្ណោះ។ វិធានការថ្មីនេះនឹងត្រូវបែងចែកចេញជា ២ដំណាក់កាល ដោយត្រូវអនុវត្តលើប្រជាជនហុងកុង ដែលធ្វើដំណើរមកកាន់ទីក្រុងនេះវិញ ចាប់ពីថ្ងៃទី៣០ ខែមិថុនាតទៅ និងជនបរទេសចាប់ពីខែកក្កដាខាងមុខនេះតទៅ។

ទោះជាយ៉ាងណា រដ្ឋាភិបាលទីក្រុងហុងកុងមិនបានបញ្ជាក់លម្អិត ពីបញ្ជីឈ្មោះប្រទេស ឬតំបន់ណាខ្លះ ដែលនឹងត្រូវដកចេញពីផែនការខាងលើនោះទេ ខណៈកន្លងមកនេះ ប្រទេសដែលអាជ្ញាធរហុងកុងចាត់ទុកថា មានហានិភ័យខ្ពស់នៃការឆ្លងរាតត្បាត COVID-19 នៅឡើយនោះគឺមានដូចជា ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន ប្រេស៊ីល ហ្វីលីពីន និងអាហ្រ្វិកខាងត្បូងជាដើម៕