(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងបុគ្គលចំនួន ៧៨នាក់ និងអង្គភាពចំនួន ០៨ នៅក្នុងប្រទេសបេឡារុស ដែលជាផ្នែកមួយឆ្លើយតបទៅនឹង ការបង្ខំជើងហោះហើរដឹកអ្នកដំណើរមួយ ទៅកាន់ទីក្រុង មីនក៍ (Minsk) កាលពីខែមុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១។

បុគ្គលចំនួន ០៧នាក់ និងអង្គភាពមួយត្រូវបានដាក់ទណ្ឌកម្ម ទាក់ទងនឹងអ្វីដែលសហភាពអឺរ៉ុបជឿជាក់ថា បានបង្ខំឱ្យយន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ រ៉ាយអឺនអ៊ែរ (Ryanair) ចុះចតនៅអាកាសយាដ្ឋាននៃទីក្រុង Minsk ប្រទេសបេឡារុស ដើម្បីចាប់ខ្លួនអ្នកកាសែតប្រឆាំងម្នាក់ ដែលជិះលើយន្តហោះនោះ។

ជុំវិញបញ្ហាខាងលើនេះ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក ចូសិព បូរ៉ែល (Josep Borrell) បានគូសបញ្ជាក់ថា ប្លុកនេះក៏កំពុងរៀបចំការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ ប្រឆាំងនឹងប្រទេសបេឡារុសដែរ។ បើតាមក្រុមប្រឹក្សាសហភាពអ៊ឺរ៉ុប ទណ្ឌកម្មជុំទី ៤ ប្រឆាំងនឹងប្រទេសបេឡារុសនាពេលឥឡូវនេះ កំពុងអនុវត្តទៅលើមនុស្សសរុបចំនួន ១៦៦នាក់ និងអង្គភាពចំនួន ១៥។ លោក Borrell បានគូសបញ្ជាក់បន្ថែមថា លោកមិនបានរាប់បញ្ចូលទណ្ឌកម្មជុំទី ៥ នោះទេ។

គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះ បានកើតឡើងក្នុងរយៈពេលជិតមួយខែ ក្រោយកើតមានព្រឹត្តិការណ៍ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair ដែលធ្វើដំណើរពីទីក្រុង អាតែន (Athens) ប្រទេសក្រិក ទៅកាន់ទីក្រុង វីលនៀស (Vilnius) ប្រទេសលីតទុយអានី ត្រូវបានគេបង្ខំឲ្យងាករេទៅចុះចតនៅទីក្រុង Minsk ប្រទេសបេឡារុសកាលពីថ្ងៃទី២៣ ខែឧសភាកន្លងទៅនេះ៕