(ប៉េកាំង)៖ ឈានចូលខែមិថុនា ឆ្នាំនេះ ការប្រកួតកីឡាបាល់ទាត់ពានទ្វីបអាមេរិកខាងត្បូងឆ្នាំ២០២១ ដែលជាការប្រកួតកីឡាបាល់ទាត់ដ៏សំខាន់មួយរបស់ ពិភពកីឡាបាល់ទាត់សកលកំពុងធ្វើឡើងនៅប្រទេសអាហ្សង់ទីន និងកូឡុំប៊ី។ ក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ រាល់ការប្រកួតកីឡាឬសកម្មភាពធំៗ សុទ្ធតែចាំបាច់ត្រូវរៀបចំធ្វើឡើងក្នុងបុរេលក្ខខណ្ឌធានាជាក់លាក់នូវសុវត្ថិភាពក្នុងការបង្ការ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវការរីករាលដាលនៃជំងឺឆ្លង បើពុំនោះសោត ល្គឹកណាបានកើតមានករណីឆ្លងវីរុសកូវីដ ១៩ ជាចង្កោមក្នុងទ្រង់ទ្រាយធំ នោះ គ្មានអ្វីគួរឱ្យសង្ស័យឡើយ វាប្រាកដជានឹងទទួលរងផលវិបាកដ៏ធ្ងន់ធ្ងរជាងមុនជាមិនខាន។

សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូងបានកំណត់យ៉ាងច្បាស់ថា កីឡាករទាំងអស់ចាំបាច់ត្រូវចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ទើបអាចចូលរួមការប្រកួតបាល់ទាត់ពានទ្វីបអាមេរិកខាងត្បូងឆ្នាំនេះ។ ដូចនេះ ក្រុមហ៊ុនស៊ីណូវ៉ាក់របស់ប្រទេសចិនបានផ្តល់វ៉ាក់សាំងជំងឺកូវីដ ១៩ ចំនួន ៥ ម៉ឺនដូសដោយឥតគិតថ្លៃដល់សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង។ កីឡាករបាល់ទាត់របស់អាមេរិកខាងត្បូងដែលបានលេងបាល់ទាត់នៅអឺរ៉ុប ក្នុងនោះបូករួមទាំង លោក Lionel Messi តារាបាល់ទាត់ដ៏ល្បីល្បាញរបស់អាហ្សង់ទីនសុទ្ធតែបានចាក់វ៉ាក់សាំងរបស់ចិន។

គិតរហូតដល់បច្ចុប្បន្ននេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅឆ្នាំនេះបានលើសពីចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ ១៩ កាលពីឆ្នាំ២០២០ នេះបានបង្ហាញ យ៉ាងលេចធ្លោថា ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកនៅមិនទាន់បញ្ចប់នៅឡើយ។ ចំណែកយុទ្ធនាការចាក់វ៉ាក់សាំង វាគ្មានអ្វីគួរឱ្យសង្ស័យឡើយ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង។ នាពេលបច្ចុប្បន្ននេះ បរិមាណចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកបាន លើសពី ១.៥ ពាន់លានដូស។ បើយោងតាមការព្យាករណ៍របស់អង្គការសុខភាពពិភពលោកអាចឃើញថា មានតែបន្ទាប់ពីប្រជាជនចំនួន ៧០ភាគរយបានទទួល ការចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ រួច ទើបអាចបង្កើតជា «ភាពស៊ាំនឹងរោគជាសមូហភាព» ដ៏ត្រឹមត្រូវ។

យ៉ាងណាមិញ គម្លាតឆ្ងាយដាច់ពីគ្នាយ៉ាងខ្លាំងក្នុងការចាក់វ៉ាក់សាំងនាពេលបច្ចុប្បន្ននេះ វាច្បាស់ណាស់ថាបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់យុទ្ធនាការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងជាសកល។ «បច្ចុប្បន្ននេះ ប្រទេសចំណូលខ្ពស់បានចាក់វ៉ាក់សាំងចំនួនជិត ៤៤ ភាគរយនៃបរិមាណសរុបរបស់វ៉ាក់សាំងជំងឺកូវីដ ១៩ នៅលើពិភពលោកទាំងមូល រីឯប្រទេសចំណូលទាបវិញគ្រាន់តែចាក់វ៉ាក់សាំង ០.៤ ភាគរយនៃបរិមាណសរុបជាសកលតែប៉ុណ្ណោះ»

ក្នុងសន្និសីទសារព័ត៌មានដែលបានបើកធ្វើនាពេលថ្មីៗកន្លងទៅនេះ លោក Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការសុខភាពពិភពលោកបានបង្ហាញពី តួលេខដែលមានភាពផ្ទុយស្រឡះទាំងពីរនេះ។ លោកក៏បានថែ្លងក្នុងពេលដំណាលគ្នាដែរថា បច្ចុប្បន្ននេះ ប្រទេសមួយចំនួនបានសន្យាថានឹងចែករំលែកវ៉ាក់សាំងកូវីដ១៩ ជាមួយបណ្តាប្រទេសដទៃទៀត ហើយអង្គការសុខភាពពិភពលោករំពឹងទុកថា ប្រទេសទាំងនេះអាចអនុវត្តតាមពាក្យសន្យារបស់ខ្លួនក្នុងខែមិថុនានិងខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។

ពិតមែនតែលោកមិនបានបង្ហាញពីឈ្មោះរបស់ប្រទេសទាំងនោះក៏ដោយ ក៏ប៉ុន្តែអ្នកផងទាំងពួងសុទ្ធតែបានដឹងច្បាស់ថា ប្រទេសចំណូលខ្ពស់នេះ គឺអាមេរិកហ្នឹងឯង។ នាពេលមុននេះមិនជាយូរប៉ុន្មាន អាមេរិកបានសន្យាថា មុននឹងចុងខែមិថុនានឹងដឹកជញ្ជូនវ៉ាក់សាំងជំងឺកូវីដ ១៩ ចំនួន ៨០ លានដូសទៅកាន់បរទេស។ ប៉ុន្តែ គិតរហូតដល់បច្ចុប្បន្ន នៅមិនទាន់បានឃើញប្រតិបតិ្តការជាក់ស្តែងរបស់អាមេរិកនៅឡើយ។ តើពាក្យសន្យានេះគ្រាន់តែជាការលេងល្បែងនយោបាយដែលនិយាយ តែមាត់និងគ្មានប្រតិបតិ្តការជាក់ស្តែងម្តងទៀតមែនទេ? បណ្តាភាគីនានាមានភាពងឿងឆ្ងល់យ៉ាងខ្លាំងចំពោះរឿងនេះ។

សូមបញ្ជាក់ថា រដ្ឋាភិបាលអាណត្តិមុនរបស់អាមេរិកក៏ធ្លាប់សន្យាថា ផ្តល់ជំនួយឧបត្ថម្ភសម្រាប់ទប់ទល់នឹងជំងឺឆ្លងក្នុងតម្លៃ ១០០លានដុល្លារអាមេរិកដល់ ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា ប្រទេសចិនជាដើម ប៉ុន្តែ តាមពិតទៅ ទីបំផុតគ្មានឃើញការអនុវត្តទាល់តែសោះ។ តាមការផ្សាយដំណឹងបានឱ្យដឹងថាក្នុងចំណោម វ៉ាក់សាំងចំនួន ៨០លានដូសដែលបានសន្យាដោយរដ្ឋាភិបាលរបស់លោក ចូ បៃដិនគិតរហូតមកដល់បច្ចុប្បន្ននេះ មានចំនួន ៦០ លានដូស គឺមកពីក្រុមហ៊ុន AstraZeneca នៃអង់គ្លេស។ ដោយឡែកវ៉ាក់សាំងបែបនេះមិនទាន់ទទួលការពិនិត្យ និងឱ្យសច្ចាប័នពីរដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថនៃអាមេរិកនៅឡើយទេ នេះក៏ជាបញ្ហាលំបាកកំបាំងមួយទៀតដែលផែនការជួយឧបត្ថម្ភកម្មវិធីនៅឯនាយសមុទ្រត្រូវប្រឈមមុខផងដែរ។

រដ្ឋាភិបាលរបស់លោក ចូ បៃដិន បានបញ្ជាក់ថា ទោះបីជាវ៉ាក់សាំងជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន AstraZeneca ត្រូវបានអនុម័តឱ្យប្រើប្រាស់ក្នុងប្រទេសដទៃទៀតក៏ដោយ ក៏ប៉ុន្តែអាមេរិកនឹងមិនដឹកជញ្ជូនវ៉ាក់សាំងទាំងនេះទៅកាន់បរទេសមុនពេលស្ថាប័នត្រួតពិនិត្យអាមេរិកបានអនុម័តជាផ្លូវការ។ តាមពិតទៅ ប្រសិនបើនិយាយថា អាមេរិកមិនបានបរិច្ចាគវ៉ាក់សាំងសូម្បីតែមួយដូសសោះ នោះ ក៏ធ្វើឱ្យអាមេរិក «រងភាពអយត្តិធម៌» ផងដែរ។

ស្ថានទូតអាមេរិកប្រចាំនៅទ្រីនីដាដ និងតូបាហ្គោបានបង្ហោះសារនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីថ្ងៃទី ១៤ ខែមិថុនាថា «រដ្ឋាភិបាលអាមេរិក បានបរិច្ចាគវ៉ាក់សាំងមួយចំនួនដល់រដ្ឋាភិបាលទ្រីនីដាដនិងតូបាហ្គោ ដែលក្នុងនោះបូករួមទាំងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer នៃអាមេរិកចំនួន ៨០ដប។ អាមេរិកនឹងជួយ យ៉ាងមុតមាំដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់ទ្រីនីដាដនិងតូបាហ្គោ»

ប៉ុន្តែគឺថាចំនួនប្រជាជនសរុបនៃប្រទេសទ្រីនីដាដនិងតូបាហ្គោបានដល់ទៅ ១៤ ០ម៉ឺននាក់! ពិតមែនតែវ៉ាក់សាំង ៨០ ដបទាំងនេះស្មើនឹង ៤៨០ដូស ពីព្រោះថា ១ ដបស្មើនឹង ៦ដូស ប៉ុន្តែនៅតែមានចំនួនតិចណាស់បើប្រៀបធៀបនឹងចំនួនប្រជាជនសរុបនៃប្រទេសទ្រីនីដាដ និងតូបាហ្គោ។ បន្ទាប់ពីដំណឹងនេះត្រូវបានប្រកាស អ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតជាច្រើននៅតំបន់ជាច្រើនលើពិភពលោក ក្នុងនោះ បូករួមទាំងទ្រីនីដាដ និងតូបាហ្គោសុទ្ធតែសើចចំអកចំពោះទង្វើរបស់អាមេរិក
បែបនេះ។ បើមើលពីសារក្នុងគេហទំព័ររបស់អ្នកប្រើអ៊ីនធឺណែត ស្ទើរតែទាំងអស់បានរិះគន់រដ្ឋាភិបាលអាមេរិក។

ប្រហែលដើម្បីបន្ធូរបន្ថយសភាពការណ៍បែបនេះ ទីបំផុតអាមេរិកបានបកស្រាយពីរឿងនេះតាមរយៈរដ្ឋាភិបាលទ្រីនីដាដ និងតូបាហ្គ។ ក្រសួងសន្តិសុខជាតិរបស់ប្រទេស នេះបានបញ្ជាក់ថា វ៉ាក់សាំងចំនួន ៨០ ដបទាំងនេះគ្រាន់តែជា «កាដូ» ដែលអាមេរិកបានបរិច្ចាគដល់ស្ថាប័ននេះ ដូច្នេះមានតែ៨០ ដបប៉ុណ្ណោះ។ ហេតុនេះហើយបានជា ប្រការនេះគ្មានទំនាក់ទំនងអ្វីជាមួយការបរិច្ចាគជាច្រើនណាមួយដែលទ្រីនីដាដ និងតូបាហ្គោកំពុងទន្ទឹងរង់ចាំនិងរដ្ឋាភិបាលអាមេរិកកំពុងគិតពិចារណានោះ។

តាមការពិត នាពេលមុននេះមិនជាយូរប៉ុន្មាន រដ្ឋាភិបាលចិនក៏បានបរិច្ចាគវ៉ាក់សាំងជំងឺកូវីដ ១៩ មួយចំនូនទៅឲ្យទ្រីនីដាដនិងតូបាហ្គោផងដែរ។ តើលោកអ្នកដឹងថា មានចំនួនប៉ុន្មានទេ? ១សែនដូស ! លោកអ្នកមិនបានមើលខុស គឺ ១ សែនដូស ! មិនត្រឹមតែប៉ុណ្ណឹង វ៉ាក់សាំងជំងឺកូវីដ ១៩ ដែលផលិតដោយក្រុមហ៊ុនស៊ីណូហ្វាមចិន ចំនួន ២០ម៉ឺនដូសដែលបានបញ្ជាទិញដោយរដ្ឋាភិបាលទ្រីនីដាដ និងតូបាហ្គោកំពុងដឹកជញ្ជូនទៅកាន់ប្រទេសនេះ។ តាមដំណឹងឱ្យដឹងថាវ៉ាក់សាំងចិនកាន់តែច្រើនឡើងៗ នឹងត្រូវបានដឹកជញ្ជូនទៅដល់ទ្រីនីដាដនិងតូបាហ្គោក្នុងខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ។ ជឿជាក់ថាផែនការចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំរបស់ទ្រីនីដាដ និងតូបាហ្គោ ពិតជានឹងទទួលការវិវឌ្ឍរីកចម្រើនកាន់តែធំជាមិនខាន។

មួយរយៈពេលកន្លងទៅនេះ ប្រទេសលោកខាងលិចមួយចំនួនបាន «និយាយផ្សេងធ្វើផ្សឹង» លើបញ្ហាការផលិតនិងចែកចាយវ៉ាក់សាំងក៏ដូចជាបានអនុវត្តយ៉ាងកម្រោល នូវ «វ៉ាក់សាំងជាតិនិយម» ដែលបានបង្កការរំខានយ៉ាងខ្លាំងក្លាដល់ស្ថានការណ៍ទូទៅនៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ហើយត្រូវរងការរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់ពិភពលោកទាំងមូល។

សូមយកអាមេរិកធ្វើជាឧទាហរណ៍ ក្នុងពេលដំបូងនៃការផ្សព្វផ្សាយការចាក់វ៉ាក់សាំងដោយពឹងផ្អែកទៅលើការមានសិទ្ធិម្ចាស់ការក្នុងការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍ ក៏ដូចជាការបញ្ជាទិញវ៉ាក់សាំង អាមេរិកបានស្តុកទុកយ៉ាងគឃ្លើននូវវ៉ាក់សាំងជំងឺកូវីដ ១៩ ដែលមានចំនួនលើសពីតម្រូវការរបស់ខ្លួនយ៉ាងច្រើន។ បន្ទាប់ពីការងារចាក់ វ៉ាក់សាំងទទួលបានការវិវឌ្ឃរីកចម្រើនខ្លះ អ្នកនយោបាយអាមេរិកមួយចំនួនទើបប្រកាសអ្វីដែលហៅថា «ផែនការផ្តល់ជំនួយជាវ៉ាក់សាំង» ដោយគិតពិចារណាពី ភូមសាស្ត្រនយោបាយដើម្បីកែលម្អរូបភាពជាតិរបស់ខ្លួននិងដាក់សម្ពាធទៅលើប្រទេសចិន។ ទាក់ទិននឹងគោលបំណងនេះ ពួកគេគ្មានការអៀនខ្មាស់ទាល់តែសោះ។

លោក Ben Sasse សមាជិកសភាជាន់ខ្ពស់អាមេរិកកាន់បក្សសាធារណរដ្ឋបានចុះផ្សាយអត្ថបទលើកាសែត «The Wall Street Journal » នាពេលថ្មីៗកន្លងទៅនេះថា អាមេរិកគួរតែអនុវត្ត «ការទូតខាងវ៉ាក់សាំង» ក្នុងពេលឆាប់ៗដើម្បីបដិបក្ខគ្នាជាមួយប្រទេសចិន។ ប្រការនេះអាចបង្ហាញថាពាក្យសន្យាតាមតែមាត់របស់ទីក្រុងវ៉ាស៊ីនតោន ទាំងនេះមិនមែនជាសុទ្ធចិត្តរបស់ខ្លួននោះទេ ផ្ទុយទៅវិញ គឺដើម្បីស្វែងរកផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន។

ប្រព័ន្ធសារព័ត៌មានអាមេរិកបានចុះផ្សាយដោយសោកស្តាយនាពេលថ្មីៗកន្លងទៅនេះថា គិតរហូតដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលអាមេរិក «មិនទាន់ផ្តល់វ៉ាក់សាំងដល់ បរទេសសូម្បីតែមួយដូសសោះ»។ ប្រទេសនិងតំបន់ដែលទន្ទឹងរង់ចាំវ៉ាក់សាំងអាមេរិកទាំងនោះនៅតែរង់ចាំយ៉ាងអន្ទះសាដដែល។ ការផ្តល់ជំនួយជាវ៉ាក់សាំងជាគុណធម៌ អន្តរជាតិ តែមិនមែនជាអាវុធខាងនយោបាយនោះទេ។ សហគមន៍អន្តរជាតិបានមើលឃើញយ៉ាងច្បាស់ថាបើប្រៀបធៀបនឹងការលេងល្បែងនយោបាយក្នុងការផ្តល់ ជំនួយជាវ៉ាក់សាំងរបស់អាមេរិក ការអនុវត្តរបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជាសកល ទើបជាការរួមចំណែកយ៉ាងប្រាកដប្រជា។

នាពេលកន្លងទៅថី្មៗនេះ រឿងរ៉ាវអំពីទីក្រុងតូចៗ Serrana របស់ប្រទេសប្រេស៊ីលត្រូវបានផ្សព្វផ្សាយតៗគ្នាយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក។ បន្ទាប់ពីប្រជាជន ក្នុងតំបន់ត្រូវបានចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ ដែលស្រាវជ្រាវនិងផលិតដោយក្រុមហ៊ុនស៊ីណូវ៉ាក់របស់ចិន ចំនួនករណីស្លាប់ដោយសារជំងឺកូវីដ ១៩ ថ្មីបានធ្លាក់ចុះ ៩៥ ភាគរយ ចំនួនអ្នកជំងឺដែលទទួលការព្យាបាលនៅមន្ទីរពេទ្យបានធ្លាក់ចុះ ៨៦ ភាគរយ ហើយចំនួនករណីឆ្លងជំងឺកូវីដ ១៩ ដែលមានរោគសញ្ញាថ្មីបានធ្លាក់ចុះ ៨០ភាគរយ។

គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានផ្តល់ជំនួយជាវ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវការវ៉ាក់សាំងជាបន្ទាន់ចំនួនជាង៨០ បាននាំចេញវ៉ាក់សាំងទៅកាន់ ប្រទេសជាង៤០ បានផ្គត់ផ្គង់វ៉ាក់សាំងសរុបលើសពី ៣៥០ លានដូសដល់ពិភពលោកទាំងមូល។ រឿងរ៉ាវដូចគ្នានឹងទីក្រុង Serrana អ៊ីញ្ចឹងកំពុងកើតឡើង នៅតំបន់ជាច្រើននៅទូទាំងពិភពលោក។

មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា មុននឹងចេញដំណើរទៅធ្វើទស្សនកិច្ចនៅអឺរ៉ុប លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានចុះផ្សាយអត្ថបទលើកាសែត «The Washington Post» ដោយបានអះអាងថា "ការបញ្ចប់ការរីករាលដាលនៃជំងឺឆ្លងលើកនេះនិងបង្កើនសនិ្តសុខសុខាភិបាលនៃបណ្តាប្រទេសនានាក៏ដូចជាជំរុញសេដ្ឋកិច្ច សកលឱ្យងើបឡើងវិញ ជាភារកិច្ចចម្បងរបស់អាមេរិក" ។ បើពាក្យសំដីនេះមិនមែននិយាយតែមាត់ នោះសូមក្រុងវ៉ាស៊ីងតោនចាត់ប្រតិបតិ្តការ ជាក់ស្តែងក្នុងបញ្ហាចែកចាយវ៉ាក់សាំងដែលជាបញ្ហាបន្ទាន់បំផុតនៅលើពិភពលោកបច្ចុប្បន្ន៕