(ញូយ៉ក)៖ អង្គការសហប្រជាជាតិ (UN) បានរាយការណ៍នៅថ្ងៃចន្ទសប្ដាហ៍នេះថា កុមារជាង ៨,៥០០នាក់ បានបម្រើការជាទាហានកាលពីឆ្នាំ២០២០ កន្លងទៅនេះនៅក្នុងជម្លោះផ្សេងៗគ្នានៅទូទាំងពិភពលោក និងជិត ២,៧០០នាក់ទៀតត្រូវបានសម្លាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១។

របាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) ដែលផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាកុមារ និងជម្លោះប្រដាប់អាវុធ រួមមានការសម្លាប់ ការធ្វើទុក្ខទោស និងការរំលោភបំពានផ្លូវភេទលើកុមារ ការចាប់ជំរិត ការបដិសេធសកម្មភាពចុះផ្តល់ជំនួយ និងការកំណត់គោលដៅរបស់សាលារៀន និងមន្ទីរពេទ្យ។

របាយការណ៍ខាងលើបានគូសបញ្ជាក់ថា ការរំលោភបំពាននានាត្រូវបានប្រព្រឹត្តទៅលើកុមារចំនួន ១៩,៣៧៩នាក់នៅក្នុងជម្លោះចំនួន ២១ ផ្សេងៗគ្នា។ ការរំលោភបំពានច្រើនបំផុត កាលពីឆ្នាំ២០២០កន្លងទៅនេះ ត្រូវបានប្រព្រឹត្តនៅក្នុងប្រទេសសូម៉ាលី (Somalia), សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកុងហ្គោ (DR Congo), អាហ្វហ្គានីស្ថាន (Afghanistan), ស៊ីរី (Syria) និងយេម៉ែន (Yemen)។

របាយការណ៍បានបង្ហាញទៀតថា កុមារចំនួន ៨,៥២១នាក់ ត្រូវបានបម្រើការជាទាហានកាលពីឆ្នាំ២០២០កន្លងទៅនេះ ចំណែកឯកុមារចំនួន ២,៦៧៤នាក់ទៀតត្រូវបានសម្លាប់ ខណៈ ៥,៧៤៨នាក់ផ្សេងទៀត បានរងរបួសនៅក្នុងជម្លោះផ្សេងៗគ្នា។

គួរបញ្ជាក់ថា របាយការណ៍ខាងលើក៏មានរួមបញ្ចូលទាំងបញ្ជីខ្មៅ ដែលមានគោលបំណងធ្វើឱ្យភាគីនានា រងនូវភាពអាម៉ាស់ក្នុងការបង្កជម្លោះផងដែរ ដោយសង្ឃឹមថា នឹងជំរុញពួកគេឱ្យអនុវត្តវិធានការការពារកុមារ៕