(ហូឡង់)៖ ប្រធានរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC លោកស្រី ហ្វាទូ បេនស៊ូដា (Fatou Bensouda) បានស្នើឱ្យមានការស៊ើបអង្កេតពេញលេញមួយលើ ការចោទប្រកាន់ជុំវិញការប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិនៅក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីន មុននឹងលោកស្រីផុតអាណត្តិ នៅក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។

លោកស្រី Fatou Bensouda នៅថ្ងៃចន្ទសប្ដាហ៍នេះបានស្នើឱ្យចៅក្រមតុលាការ ICC បើកការស៊ើបអង្កេតពេញលេញលើការចោទប្រកាន់ថាប៉ូលិសហ្វីលីពីន បានសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ នៅចន្លោះពីឆ្នាំ២០១៦ និងឆ្នាំ២០១៩។

ហ្វីលីពីនបានដើរចេញពីតុលាការអន្តរជាតិ ICC កាលពីឆ្នាំ២០១៩ បន្ទាប់ពីតុលាការអន្តរជាតិមួយនេះបើកការស៊ើបអង្កេតបឋមលើសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក ឌូតើតេ។ ប៉ុន្តែលោកស្រី Bensouda និយាយថា ICC នៅតែអាចបន្តការស៊ើបអង្កេតពីបទឧក្រិដ្ឋនានាដែលប្រព្រឹត្តអំឡុងហ្វីលីពីននៅជាសមាជិក។ លោកស្រី Bensouda បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំច្បាស់នៅក្នុងចិត្តថាវាមានហេតុផលសមរម្យគួរឱ្យជឿជាក់បានថាបទក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិពិតជាបានកើតឡើង... នៅក្នុងបរិបទនៃសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់លោក ឌូតើតេ»

គួរបញ្ជាក់ថា លោកស្រី Fatou Bensouda នឹងត្រូវបញ្ចប់អាណត្តិជារដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិនៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយបើតាមលោកស្រីបើសិនជាមានការបើកស៊ើបអង្កេតពេញលេញណាមួយនៅលើហ្វីលីពីនពិតមែន នោះកាតព្វកិច្ចនេះនឹងធ្លាក់ទៅលើអ្នកបន្តវេនពីលោកស្រីគឺលោក Karim Khan ដែលនឹង ត្រូវស្បថចូលកាន់តំណែងជារដ្ឋអាជ្ញា ICC ជំនួសលោកស្រី Fatou Bensouda នៅថ្ងៃពុធសប្ដាហ៍នេះ៕