(រ៉ង់ហ្គូន)៖ ពលរដ្ឋអាមេរិកាំងម្នាក់ឈ្មោះ ណាថាន់ មួង (Nathan Maung) ដែលត្រូវជាអ្នកសារព័ត៌មានប្រចាំនៅមីយ៉ាន់ម៉ា ត្រូវបានដោះលែងចេញពីមន្ទីរឃុំឃាំងហើយ ដោយលោកនឹងឡើងយន្តហោះ ត្រលប់ទៅសហរដ្ឋអាមេរិកវិញ នៅថ្ងៃអង្គារស្អែកនេះ។ នេះបើតាមប្រភពពីមេធាវីរបស់លោក Nathan Maung ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយ Reuters នារសៀលថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។

បើតាមមេធាវីខាងលើ តុលាការមីយ៉ាន់ម៉ាបានទម្លាក់ចោលការចោទប្រកាន់ ទៅលើលោក Nathan Maung និពន្ធនាយកសារព័ត៌មាន កាម៉ាយុត (Kamayut Media) បន្ទាប់ពីដើមបណ្តឹងបានដកការចោទប្រកាន់វិញ។ សហរដ្ឋអាមេរិក និងក្រុមអ្នកគាំទ្រសិទ្ធិសេរីភាពសារព័ត៌មាននៅមីយ៉ាន់ម៉ា កន្លងមកបានអំពាវនាវយ៉ាងទទូច ឲ្យរបបដឹកនាំយោធាមីយ៉ាន់ម៉ា ដោះលែងលោក Nathan Maung និងអ្នកជាប់ឃុំផ្សេងៗទៀត។

គួរបញ្ជាក់ថា ក្រៅពីអ្នកកាសែតខាងលើនេះ សហរដ្ឋអាមេរិកក៏បានសម្តែងក្តីព្រួយបារម្ភ ចំពោះចាប់ឃុំខ្លួនពលរដ្ឋអាមេរិកាំង មួយរូបផ្សេងទៀតមានឈ្មោះ ដាញែល ហ្វែនស្តឺរ (Daniel Fenster) ដែលកំពុងជាប់ឃុំនៅឡើយ និងបានអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា ដោះលែងរូបគេជាបន្ទាន់ផងដែរ៕