(បាងកក)៖ រដ្ឋមន្រ្តីសុខាភិបាលថៃ លោក អានុធីន ឆានវីរៈគុល (Anutin Charnvirakul) បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍នេះថា ក្រសួងសុខាភិបាលថៃ មានគោលបំណងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ក្រុមប្រជាជនវ័យក្មេងរបស់ខ្លួនដែលមានអាយុចន្លោះពី ១២-១៨ឆ្នាំ ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ដែលត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសថៃនៅត្រីមាសទី៤ នៃឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation នៅថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១។

នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងថៃ ហៅកាត់ថា DDC កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចុះហត្ថលេខាលើកិច្ចសន្យាជាលើកដំបូងជាមួយក្រុមហ៊ុន Pfizer ដែល អនុញ្ញាតឱ្យក្រុមហ៊ុននេះបញ្ជូនឯកសារ ដើម្បីចុះបញ្ជីវ៉ាក់សាំងជាមួយរដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) ដែលក្រសួងសុខាភិបាលថៃរំពឹងថា នឹងទិញវ៉ាក់សាំងរបស់ក្រុមហ៊ុននេះចំនួន ២០លានដូសនៅក្នុងឆ្នាំ២០២១នេះ។

លោក Anutin Charnvirakul បានគូសបញ្ជាក់ថា «DDC ឥឡូវនេះ កំពុងធ្វើការជាមួយសាលារៀន ដើម្បីបង្កើតយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ក្រុមសិស្សានុសិស្សវ័យក្មេង ទាំងអស់។ មានប្រជាជនវ័យក្មេងប្រហែល ៥លាននាក់នៅក្នុងក្រុមអាយុនេះ ហើយវ៉ាក់សាំងចំនួន ២០លានដូសដែលយើងនឹងទិញ គួរតែមានភាពងាយស្រួលក្នុងការផ្ដល់ជូនដល់ក្រុមអ្នកទាំងនេះហើយ»

លោក Anutin បានបន្ថែមថា «ក្រុមហ៊ុនផលិតឱសថចិន Sinovac ក៏គ្រោងនឹងចុះបញ្ជីវ៉ាក់សាំងរបស់ខ្លួនសម្រាប់ការប្រើប្រាស់លើក្រុមកុមារដែលមានអាយុចាប់ពី ៣ឆ្នាំ ឡើងទៅផងដែរ។ នៅពេលការចុះបញ្ជីត្រូវបានបញ្ចប់ យើងនឹងចាក់ជូនដល់ក្រុមកុមារនៅក្នុងក្រុមអាយុនេះភ្លាមៗ ពីព្រោះយើងមានវ៉ាក់សាំងរួចអស់ហើយ»

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃដែលមានប្រជាជនសរុបជិត ៧០លាននាក់នេះ បានចាក់វ៉ាក់សាំងបង្កាជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនសរុប ៥.៦៧លានដូសហើយ ក្នុងនោះមានប្រជាជន ១.៥២លាននាក់ បានចាក់គ្រប់ដូស (ស្មើនឹង ២.២%នៃចំនួនប្រជាជនសរុប)៕