(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃសៅរ៍នេះបានអំពាវនាវឱ្យមានការពង្រឹងសមត្ថភាពយោធាឱ្យកាន់តែខ្លាំងក្លា និងប្រុងជើងការខ្ពស់ ប្រឈមមុខនឹងស្ថានការណ៍មិនច្បាស់លាស់នៅលើតំបន់ឧបទ្វីបកូរ៉េនាពេលបច្ចុប្បន្ន។

២៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិកបានប្រកាសផ្ដល់កញ្ចប់ថវិកាជំនួយសន្តិសុខចំនួន ១៥០លានដុល្លារអាមេរិកដល់ប្រទេសអ៊ុយក្រែន ដើម្បីបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួន។

៣៖ ក្រសួងសុខាភិបាលកាណាដាបានឱ្យដឹងថាខ្លួននឹងមិនប្រើប្រាស់វ៉ាក់សាំង COVID-19 ចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson ជាង ៣០០,០០០ដូស ដែលបានមកដល់ប្រទេសកាណាដា កាលពីខែមេសាឡើយ ដោយសារតែបារម្ភពីបញ្ហាគុណភាព។

៤៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,២៧៧ករណីបន្ថែមទៀត និងស្លាប់២៩នាក់ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

៥៖ មេដឹកនាំនៃបណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿន G7 នៅថ្ងៃសៅរ៍នេះត្រូវបានគេរំពឹងថា នឹងព្រមព្រៀងគ្នាលើសេចក្តីប្រកាសរួមមួយ ដើម្បីទប់ស្កាត់ជំងឺរាតត្បាតសកលថ្មីទៀត នៅថ្ងៃអនាគត ខណៈជំងឺរាតត្បាតសកលបច្ចុប្បន្នគឺ COVID-19 នៅមិនទាន់បញ្ចប់ទៅស្រួលបួលផងនោះ។

៦៖ មជ្ឈមណ្ឌលបង្ការជំងឺនៃសហរដ្ឋអាមរិក (CDC) បានប្រកាសថា គិតត្រឹមថ្ងៃសៅរ៍នេះ វ៉ាក់សាំងបង្ការ COVID-19 សរុបជាង ៣០៦,៥០៩,៧៩៥ដូស ត្រូវបានចាក់ជូនប្រជាជននៅទូទាំងប្រទេស នៅក្នុងចំណោមវ៉ាក់សាំងសរុប ៣៧៣,៤១៣,៩៤៥ដូស ដែលត្រូវបានដាក់ចេញ៕