(ប៉េកាំង)៖ វប្បធម៌ប្រពៃណីដ៏ឆ្នើមរបស់ប្រទេសចិន គឺជាឬសគល់វប្បធម៌របស់ប្រជាជាតិចិន។ តាំងពីសមាជបក្សកម្មុយនិស្តចិនលើកទី ១៨ មក លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានគូសបញ្ជាក់ថា ត្រូវបន្តវេននិងច្នៃប្រឌិតថ្មី ស្របតាមតម្រូវការនៃសម័យកាល ធ្វើឱ្យវប្បធម៌របស់ប្រទេសចិនបង្ហាញពី ភាពទាក់ទាញជាស្ថាពរក្នុងយុគសម័យថ្មី។

មុនបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២១ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យការងារនៅភូមិជនជាតិ Miao នៅខេត្ត Guizhou ប្រទេសចិន។ នាងជនជាតិ Miao បានប្រើប្រាស់វិធីសាស្ត្រប៉ាក់រាប់រយយ៉ាង សម្រាប់ធ្វើសំលៀកបំពាក់ដែលមានលក្ខណៈពិសេសជនជាតិ Miao។ បច្ចុប្បន្ននេះ ឧស្សាហកម្មសិប្បកម្មប៉ាក់ជនជាតិ Miao បានផ្តល់ឱកាសការងារដល់ស្ត្រីប្រមាណ ៥០ ម៉ឺននាក់ ផលិតផលប៉ាក់ត្រូវនាំចេញទៅកាន់ប្រទេស និងតំបន់ជាង ៦០ នៅលើពិភពលោក។

ប៉ុន្មានថ្ងៃមុននេះ លោក ស៊ី ជីនភីង បានអញ្ជើញទៅដល់ភូមិភាគស្វយ័ត Qinghai ដែលជាស្រុកកំណើតនៃកម្រាលព្រំ Zang ដើម្បីត្រួតមើលសហគ្រាសផលិតកម្រាលព្រំ Zang ក្នុងតំបន់ និងស្វែងយល់អំពីស្ថានការណ៍អភិវឌ្ឍដោយច្នៃប្រឌិតថ្មីនូវកម្រាលព្រំ Zang ដែលធ្វើដោយដៃតាមរបៀបប្រពៃណី។ លោក ស៊ី ជីនភីង បានថ្លែងថា ឧស្សាហកម្មកម្រាលព្រំ Zang គឺជាឧស្សាហកម្មដែលស្របតាម ការពិតជាក់ស្តែងរបស់ភូមិភាគស្វយ័ត Qinghai មានតួនាទីដែលជំរុញលុបបំបាត់ភាពក្រីក្រ និងការអភិវឌ្ឍជនបទផង ហើយក៏មានតួនាទីដែលជំរុញឱ្យគ្រប់ជនជាតិ រួមសាមគ្គីគ្នាផងដែរ។
វប្បធម៌ថ្នាំចិនសែដែលមានប្រវត្តិយូរលង់មកហើយ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជាតិចិន។

លោក ស៊ី ជីនភីង ធ្លាប់បានផ្តល់ការណែនាំគន្លឹះស្តីពី ការអភិវឌ្ឍថ្នាំចិនសែដោយគូសបញ្ជាក់ថា ត្រូវបន្តវេនខ្លឹមសារសំខាន់ៗ ធ្វើការច្នៃប្រឌិតថ្មី និងជំរុញឱ្យឱសថចិនសែដើរឆ្ពោះទៅរកពិភពលោក។ តាំងពីឆ្នាំ ២០២០ មកឱសថចិនសែបានដើរតួយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19។ ខែមីនា ឆ្នាំ ២០២១ លោក ស៊ី ជីនភីង បានអញ្ជើញទៅដល់ភ្នំ WuYi ដែលជាតំបន់តែល្បីឈ្មោះ ដើម្បីត្រួតមើលស្ថានការណ៍លូតលាស់ នៃដើមតែក្នុងរដូវផ្ការីក ដើម្បីស្វែងយល់ពីស្ថានការណ៍អភិវឌ្ឍ របស់ឧស្សាហកម្មតេក្នុងតំបន់។

លោកបានលើកឡើងថា វប្បធម៌តែ ឧស្សាហកម្មតែ និងបច្ចេកវិទ្យាតែ ត្រូវតែតួបផ្សំគ្នា ដើម្បីអភិវឌ្ឍទៅជាឧស្សាហកម្មសសរទ្រទ្រង់ សម្រាប់ការអភិវឌ្ឍជនបទ។ វប្បធម៌ជនជាតិដ៏សម្បូរបែប វប្បធម៌ថ្នាំចិនសែដ៏យូរលង់ និងវប្បធម៌តែដែលបង្កប់ដោយអត្ថន័យជ្រាលជ្រៅ... ប្រមូលផ្តុំគ្នាទៅជាវប្បធម៌ប្រពៃណីចិនដ៏ឆ្នើម និងជ្រាលជ្រៅ។ ការបន្តវេន និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីដ៏ឆ្នើមរបស់ប្រទេសចិន គឺជារឿងដែលលោក ស៊ី ជីនភីង តែងនឹងគិត៕